ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ម៉ាឡេស៊ីឃាត់ខ្លួនមនុស្សជាង ៣០០ នាក់ និងពិន័យម្នាក់ៗជាង ២០០ ដុល្លារ ក្រោយនាំគ្នាជប់លៀងផឹកស៊ីក្នុងក្លឹបកម្សាន្ត មិនស្តាប់ការណែនាំរបស់រដ្ឋាភិបាល

    BY autoadmin July 28, 2020
    ម៉ាឡេស៊ីឃាត់ខ្លួនមនុស្សជាង ៣០០ នាក់ និងពិន័យម្នាក់ៗជាង ២០០ ដុល្លារ ក្រោយនាំគ្នាជប់លៀងផឹកស៊ីក្នុងក្លឹបកម្សាន្ត មិនស្តាប់ការណែនាំរបស់រដ្ឋាភិបាល

    ម៉ាឡេស៊ី៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៣១០ នាក់ត្រូវបានអាជ្ញាធរម៉ាឡេស៊ីធ្វើការឃាត់ខ្លួន បន្ទាប់ពីពួកគេធ្វើការជួបជុំគ្នារៀបចំពិធីជប់លៀងមួយដោយបំពាននឹងបំរាមរបស់រដ្ឋាភិបាលដែលបានដាក់ចេញដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩។ យោងតាមសារព័ត៌មាន World of Buzz បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងក្លបរាត្រីមួយកន្លែងក្នុងទីក្រុង Petaling Jaya នៃប្រទេសម៉ាឡេស៊ីកាលពីយប់ថ្ងៃទី ២៦ ខែកក្កដា កន្លងទៅនេះ។

    ប្រភពខាងលើបានបន្តថា ក្នុងចំណោមមនុស្សដែលត្រូវបានគេចាប់ខ្លួននោះមាន ១១០ នាក់ជាមនុស្សស្រី និង ២០០ នាក់ផ្សេងទៀតគឺជាបុរស ក្នុងនោះក៏មានជនបរទេសចំនួន ១០ ផងដែរ ហើយពួកគេទាំងអស់មានអាយុចន្លោះពី ២០ ទៅ ៣០ ឆ្នាំប៉ុណ្ណោះ។

    បន្ទាប់ពីបានឃាត់ខ្លួននិងធ្វើការអប់រំ មនុស្សទាំង ៣១០ នាក់នេះក៏ត្រូវពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន ១ ០០០ រីងហ្គីង (២៣៦ ដុល្លារអាមេរិក) ផងដែរ។ សូមបញ្ជាក់ថា អាជ្ញាធរម៉ាឡេស៊ីបានអនុ​វត្តវិធានការតឹងរឹងជាច្រើនដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ​ ១៩ ដូចជាហាមមិនឲ្យមានការជួបជុំក្នុងចំណោមមនុស្សច្រើន ពលរដ្ឋត្រូវតែពាក់ម៉ាស់ជាដាច់ខាតពេលចេញទៅកន្លែងសាធារណៈ ហើយអ្នកដែលបំពាននឹងបំរាមនេះនឹងត្រូវពិន័យជាប្រាក់ ឬជាប់គុកក្នុងរយៈពេលជាច្រើនខែទៀតផង។ គួរបញ្ជាក់ជូនផងដែរថា គិតមកទល់នឹងពេលនេះម៉ាឡេស៊ីមានអ្នកជំងឺកូវីដ ១៩ សរុបចំនួន  ៨ ៨៩៧ ករណី និងស្លាប់ចំនួន ១២៤ ករណីផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ World of Buzz

    Share This Post: