ថៃរកឃើញទាហានរបស់ខ្លួន២នាក់ទៀតមានវិជ្ជមានកូវីដ១៩ ក្រោយត្រលប់មកពីធ្វើសមយុទ្ធយោធានៅអាមេរិក
ថៃ៖ អាជ្ញាធរសុខាភិបាលថៃបានជូនដំណឹងថា មានទាហានថៃដែលទើបត្រលប់មកពីធ្វើសមយុទ្ធយោធានានៅក្នុងសហរដ្ឋអាមេរិកចំនួន ២ នាក់បន្ថែមទៀតត្រូវបានធ្វើតេស្តវិជ្ជមានជាមួយនឹងជំងឺកូវីដ ១៩។ បើតាមការបញ្ជាក់របស់មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ ១៩ ថៃបានឲ្យដឹងថា នាយទាហានទាំង ២ នាក់នេះគឺសុទ្ធតែជាបុរសដែលម្នាក់មានអាយុ ២២ ឆ្នាំ និងម្នាក់ទៀតមានអាយុ ២៥ ឆ្នាំ និងបានត្រលប់មកពីរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក កាលពីថ្ងៃទី ២២ កក្កដា កន្លងមកនេះ ហើយពេលនេះពួកគាត់ទាំង ២ នាក់កំពុងត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកក្នុងមន្ទីរពេទ្យក្រុងបាងកកដើម្បីទទួលបានការព្យាបាល។

គួរម្លឹកជូនថា ប៉ុន្មានថ្ងៃមុននេះក៏មាននាយទាហ៊ានថៃចំនួន ៦ នាក់ផ្សេងទៀតដែលធ្វើដំណើរតាមជើងហោះជាមួយគ្នាក៏ត្រូវបានគេធ្វើតេស្តវិជ្ជមានជាមួយនឹងជំងឺកូវីដ ១៩ ដែរ ហើយពួកគាត់ទាំង ៦ នាក់ត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែកក្នុងមន្ទីរពេទ្យខេត្តចនបូរីដើម្បីទទួលបានការព្យាបាល។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃមានអ្នកជំងឺកូវីដ ១៩ សរុបចំនួន ៣ ២៩៧ ករណី ស្លាប់ចំនួន ៥៩ ករណី និងជាសះស្បើយចំនួន ៣ ១១១ ករណីផងដែរ៕


អត្ថបទ៖ភក្តី
ប្រភព៖ Bangkok Post