ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសថៃជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតារាងសន្ទស្សន៍ងើបឡើងវិញពីជំងឺកូវីដ១៩ បានល្អជាងគេលើពិភពលោក

    BY autoadmin July 30, 2020
    ប្រទេសថៃជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតារាងសន្ទស្សន៍ងើបឡើងវិញពីជំងឺកូវីដ១៩ បានល្អជាងគេលើពិភពលោក

    ប្រទេសថៃបានជាប់ចំណាត់ថ្នាក់លើគេបង្អស់នៅក្នុងការស្ទង់មតិជាសកលមួយ សម្រាប់ការគ្រប់គ្រងដ៏មានប្រសិទ្ធិភាពចំពោះជំងឺ COVID-19 និងការងើបឡើងវិញពីវិបត្តិនៃជំងឺនេះ។ យោងតាមសន្ទស្សន៍សកល Global COVID-19 Index (GCI) ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២០ បានឱ្យពិន្ទុសន្ទស្សន៍ទៅប្រទេសថៃចំនួន ៨២.០៦ ដោយបានដាក់ប្រទេសនេះនៅលើកំពូលតារាង ជាឧទាហរណ៍នៃការអនុវត្តល្អបំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ដ៏គួរឱ្យខ្លាចនេះ។

    ប្រទេសកូរ៉េខាងត្បូងជាប់ចំណាត់ថ្នាក់លេខ២ ដែលមានសន្ទស្សន៍ងើបឡើងវិញ ៨១.០៩ បន្ទាប់មកគឺឡាតវី (៨០.៨១), ម៉ាឡេស៊ី (៧៩.៣៧), កោះតៃវ៉ាន់ (៧៨.៩៤) និងនូវែលសេឡង់ (៧៨.៥៥)។ ប្រទេសអូស្រ្តាលីដែលធ្លាប់ឈរនៅលើតារាងច្រើនជាងគេក្នុងប៉ុន្មានខែមុន ឥឡូវស្ថិតនៅលំដាប់ទី៦ ជាមួយនឹងសន្ទស្សន៍ងើបឡើងវិញ ៧៧.១៨។ ក្នុងចំណាត់ថ្នាក់មុនបានចេញផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ថៃជាប់ចំណាត់ថ្នាក់ទី ២ នៃការងើបឡើងវិញ ក្នុងចំណោមប្រទេស ១៨៤ នៅទូទាំងពិភពលោក។

    ការគណនារបស់ GCI បានផ្អែកលើ ៧០% នៃទិន្នន័យធំៗនិងការវិភាគប្រចាំថ្ងៃពីប្រទេសចំនួន ១៨៤ ខណៈ ៣០% ទៀតចេញពីសន្ទស្សន៍សន្តិសុខសុខភាពពិភពលោក (Global Health Security Index) ដែលជាការវាយតម្លៃអំពីសុវត្ថិភាពសុខភាពក្នុងចំណោមប្រទេសចំនួន ១៩៥ ដែលរៀបចំដោយមជ្ឈមណ្ឌលចនសុនឃិនស៍សម្រាប់សន្តិសុខសុខភាព។ គួរឱ្យដឹងដែរថាទូទាំងពិភពលោកឥឡូវនេះ មានករណីដែលបានបញ្ជាក់បានលើសពី ១៦.៦ លាននាក់ និងមានអ្នកជំងឺ ១០.២ លាននាក់ បានជាសះស្បើយ និង ៦៥២.០០០ នាក់បានស្លាប់៕

    អត្ថបទ៖ លីដា
    ប្រភព៖​ The Nation Thailand

    Share This Post: