មនុស្សម្នាក់បានស្លាប់ និង ១៧នាក់ផ្សេងទៀតបានរងរបួស ក្នុងហេតុការណ៍ផ្ទុះហ្គាសនៅភោជនីយដ្ឋានមួយនៅប្រទេសជប៉ុន
មានមនុស្សម្នាក់បានស្លាប់ និង ១៧នាក់ផ្សេងទៀត បានរងរបួសនៅក្នុងហេតុការណ៍ផ្ទុះហ្គាសនៅភោជនីយដ្ឋានមួយ ក្នុងខេត្ត Fukushima របស់ជប៉ុន នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២០ នេះបើយោងតាមការចុះផ្សាយរបស់ Channel News Asia ។ ការផ្ទុះបានកើតឡើងភ្លាមៗមុនម៉ោង ៩ ព្រឹក (ម៉ោងក្នុងស្រុក) នៅក្នុងភោជនីយដ្ឋានបែបស៊ុបក្ដៅៗមួយ ដែលបណ្ដាលឱ្យមនុស្សម្នាក់ស្លាប់, ២នាក់ របួសធ្ងន់ធ្ងរ និង ១៥នាក់ផ្សេងទៀត រងរបួសស្រាល។ ឥឡូវនេះខាងភោជនីយដ្ឋានបានធ្វើការសុំទោស និងកំពុងធ្វើការជាមួយអាជ្ញាធរដើម្បីកំណត់មូលហេតុ។

ប៉ូលីសនិងនាយកដ្ឋានពន្លត់អគ្គីភ័យបាននិយាយថា ការផ្ទុះនេះបានកើតឡើងនៅក្នុងតំបន់ដែលមានប្រជាជន និងភោជនីយដ្ឋាន និងអគារស្នាក់នៅច្រើន។ ក្រុមអ្នកស៊ើបអង្កេតនៅកន្លែងកើតហេតុបាននិយាយថា ពួកគេកំពុងសង្ស័យថាការផ្ទុះនេះបណ្តាលមកពីការលេចធ្លាយហ្គាស។ រូបភាពនៃកន្លែងផ្ទុះបានបង្ហាញពីអគារមួយ ដែលសល់តែគ្រោងឆ្អឹង និងរបស់របរផ្សេងៗត្រូវបានបំផ្លាញខ្ទេចខ្ទី។ ហេតុការណ៍នេះក៏បានធ្វើឱ្យបុគ្គលិកធនាគារដែលនៅជិតនោះរករបួស ហើយសាលាមួយនៅទីនោះក៏មានការខូចខាតខ្លះផងដែរ៕



អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia