ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ពលរដ្ឋឥណ្ឌា ១០នាក់បានស្លាប់ ដោយសារយកអាល់កុលសម្រាប់លាងដៃសម្លាប់មេរោគមកលាយធ្វើស្រាផឹក ព្រោះតែហាងស្រាត្រូវគេបិទទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩

    BY autoadmin August 1, 2020
    ពលរដ្ឋឥណ្ឌា ១០នាក់បានស្លាប់ ដោយសារយកអាល់កុលសម្រាប់លាងដៃសម្លាប់មេរោគមកលាយធ្វើស្រាផឹក ព្រោះតែហាងស្រាត្រូវគេបិទទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា យ៉ាងហោចណាស់មានមនុស្សចំនួន ១០នាក់ បានស្លាប់ បន្ទាប់ពីពួកគេយកទឹកអាល់កុលសម្រាប់គេយកទៅធ្វើទឹកលាងសម្អាតដៃ មកផឹកជំនួសឲ្យស្រា ដោយសារតែហាងស្រានៅក្នុងភូមិត្រូវបិទទ្វារ ព្រោះតែការរីករាលដាលនៃជំងឺ COVID-19 ។ ពលរដ្ឋដែលបានស្លាប់ទាំងនោះគឺជាអ្នកភូមិ  Kurichedu ក្នុងរដ្ឋ Andhra Pradesh ហើយពួកគេបានស្លាប់ដោយសារការយកទឹកសម្អាតដៃធ្វើពីអាល់កុល មកលាយទឹក និងទឹកក្រូច ហើយផឹកវាជំនួសស្រា អស់រយៈពេលប្រហែល ១០ថ្ងៃ មកហើយ មុនពេលដែលពួកគេស្លាប់។

    ពេលនេះអាជ្ញាធរកំពុងស៊ើបអង្កេតថា តើទឹកលាងសម្អាតមានសារធាតុពុលផ្សេងទៀតឬអត់ ហើយសំណាកគំរូនៃទឹកសម្អាតដៃទាំងនោះ ក៏ត្រូវបានបញ្ជូនទៅកន្លែងវិភាគគីមីរួចហើយ។ អធិការនគរបាលស្រុកលោក Siddharth Kaushal បាននិយាយថា ពលរដ្ឋដែលញៀនស្រា បានយកទឹកអាល់កុលសម្អាតដៃមកលាយធ្វើជាស្រាផឹក ដោយសារតែហាងស្រាត្រូវបានបិទទ្វារ ប៉ុន្តែទឹកអាល់កុលអាចរកទិញបានគ្រប់កន្លែង។

    គួរឱ្យដឹងដែរថា រដ្ឋមួយចំនួនរបស់ឥណ្ឌាបានបើកទ្វារវិញជាបណ្តើរៗហើយ ប៉ុន្តែកន្លែងខ្លះនៅតែបន្ដពង្រឹងការរឹតត្បឹត ដោយសារករណីកាន់តែកើនឡើង ជាពិសេសគឺនៅក្នុងរដ្ឋ Andhra Pradesh នេះតែម្ដង។ ប្រទេសឥណ្ឌាក៏ទើបតែកត់ត្រាចំនួនឆ្លងប្រចាំថ្ងៃរហូតដល់ទៅ ៥៥,០០០ នាក់ ដែលជាចំនួនខ្ពស់បំផុត ដែលនាំឱ្យចំនួនឆ្លងសរុបរបស់ប្រទេសនេះកើនដល់ ១.៦ លាននាក់ និងមានការស្លាប់សរុប ៣៥,៧០០ នាក់៕

    អត្ថបទ៖ លីដា
    ប្រភព៖ BBC

    Share This Post: