លោក ដូណាល់ត្រាំ ទុកពេលឲ្យចិន៤៥ថ្ងៃសម្រេចចិត្តលក់កម្មវិធី TikTok ឲ្យក្រុមហ៊ុនអាមេរិកជាអ្នកគ្រប់គ្រង បើមិនលក់ទេ នឹងបិទកម្មវិធីនេះមិនឲ្យប្រើនៅអាមេរិកបាន
អាមេរិក៖ នៅព្រឹកថ្ងៃច័ន្ទ ទី ៣ សីហានេះ សារព័ត៌មាន Reuters បានចុះផ្សាយថាលោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ បានសម្រេចផ្តល់ពេល ៤៥ ថ្ងៃឲ្យក្រុមហ៊ុន ByteDance របស់ចិនធ្វើការចរចាក្នុងការលក់កម្មវិធី TikTok ឲ្យទៅក្រុមហ៊ុនអាមេរិក ឬទុកឲ្យរដ្ឋាភិបាលអាមេរិកបិទកម្មវិធីនេះមិនឲ្យមានវត្តមាននៅលើទឹកអាមេរិកទាំងស្រុងតែម្តង។ គេនៅចាំបានថា កាលពីថ្ងៃសុក្រ ទី ៣១ កក្កដាកន្លងទៅនេះ លោក ដូណាល់ត្រាំ បានសម្រេចចិត្តភ្លាមៗថា លោកនឹងបញ្ជាឲ្យគេបិទកម្មវិធី TikTok មិនឲ្យមានការប្រើប្រាស់នៅលើទឹកដីអាមេរិកឡើយ ដោយលោកបានអះអាងថា កម្មវិធីកំពុងមានប្រជាប្រិយភាពខ្លាំងមួយនេះអាចធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិអាមេរិក តាមរយៈការគ្រប់គ្រងនិន្នន័យរបស់ពលរដ្ឋអាមេរិកម្នាក់ៗសម្រាប់ផ្តល់ជូនជាសម្ងាត់ទៅកាន់រដ្ឋាភិបាលចិន។

យ៉ាងណាក្តី ស្រាប់តែកាលពីព្រឹកមិញនេះ សេតវិមានអាមេរិកបានផ្តល់ជូនជម្រើសថ្មីមួយចំពោះក្រុមហ៊ុនចិនគឺផ្តល់ពេល ៤៥ ថ្ងៃ ដើម្បីឲ្យក្រុមហ៊ុន ByteDance ធ្វើការសម្រេចចិត្តនិងធ្វើការចរចាអំពីជម្រើសនៃការលក់កម្មវិធី TikTok ឲ្យទៅក្រុមហ៊ុន Microsoft របស់អាមេរិក ឬទុកឲ្យអាមេរិកហាមឃាត់កម្មវិធីទាំងស្រុងតែម្តងឬយ៉ាងណា។
បើតាមប្រភពខាងលើនេះបានបញ្ជាក់ថា ប្រសិនបើចិនព្រមលក់កម្មវិធី TikTok ឲ្យទៅក្រុមហ៊ុន Microsoft មានន័យថា ការគ្រប់គ្រងនិន្នន័យរបស់អ្នកប្រើប្រាស់បណ្ដាញសង្គមមួយនេះលើទឹកដីអាមេរិកគឺត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនអាមេរិកផ្ទាល់តែតែម្តង ខណៈក្រុមហ៊ុន ByteDance និងទទួលបានប្រាក់មួយចំនួនតាមការចរចានិងយល់ព្រមដោយភាគីទាំងសងខាង។
យ៉ាងណាក្តី ប្រសិនបើក្រុមហ៊ុនចិនទុកឲ្យអាមេរិកបិទកម្មវិធីមួយនេះមានន័យថា ក្រុមហ៊ុន ByteDance នឹងត្រូវខាតបង់ទីផ្សាររបស់ខ្លួនទៅលើទឹកដីអាមេរិកទាំងស្រុងតែម្តង ខណៈពលរដ្ឋអាមេរិកនឹងលែងបានប្រើប្រាស់កម្មវិធី TikTok តទៅទៀតផងដែរ។ រហូតមកមកទល់នឹងពេលនេះគេនៅមិនទាន់ទទួលបានការឆ្លើយតបយ៉ាងណាពីសំណាក់ក្រុមហ៊ុន ByteDance នៅឡើយទេ ដោយកន្លងមកក្រុមហ៊ុនបច្ចេកដ៏ធំរបស់ចិនមួយនេះតែងអះអាងខ្លួនថា ខ្លួនគឺជាក្រុមហ៊ុនរកប្រាក់ចំណូលឯករាជ្យតែមិនមែនធ្វើការឲ្យរដ្ឋាភិបាលចិនឡើយ។
គួរម្លឹកផងដែរថា មិនមែនមានតែអាមេរិកទេដែលមានគំនិតអវិជ្ជមានចំពោះក្រុមហ៊ុនបច្ចេកវិទ្យាចិននោះ ដោយកន្លងមកឥណ្ឌាក៏សម្រេចហាមឃាត់កម្មវិធី TikTok នៅលើទឹកដីខ្លួនផងដែរ ខណៈអូស្រ្តាលីវិញក៏ទាមទាឲ្យបង្កើតច្បាប់គ្រប់គ្រងលើវិសាលភាពរបស់ក្រុមហ៊ុន Huawei សម្រាប់ប្រទេសខ្លួននិងនៅទឹកដីអឺរ៉ុបផងដែរ ដោយអូស្រ្តាលីក៏បារម្ភថា ក្រុមហ៊ុនចិនមួយនេះជួយប្រមូលទិន្នន័យសំខាន់ៗពីបណ្តាប្រទេសជាច្រើនដើម្បីផ្តល់ជូនរដ្ឋាភិបាលចិនផងដែរ៕

អត្ថបទ៖ភក្តី
ប្រភព៖ Reuters