ក្មេងស្រី១៨ឆ្នាំបដិសេធមិនអោយគ្រូពេទ្យស្បែកខ្មៅម្នាក់លាងរបួសអោយ ពេលនេះត្រូវបានតុលាការផ្តន្ទាទោស…
បរទេស ៖ ការរើសអើងពូជសាសន៍ជារឿងមួយដែលគេកំពុងតែលុបបំបាត់ក្នុងពេលបច្ចុប្បន្ននេះ ប្រទេសខ្លះមានការផ្តន្ទាទោសដល់អ្នកដែលប្រើប្រាស់សម្តីរឺអាកប្បកិរិយារើសអើងនោះ។ ប្រភពព័ត៌មានបរទេសបានចុះផ្សាយករណីក្មេងស្រីម្នាក់ បដិសេធមិនព្រមអោយគ្រូពេទ្យព្យាបាលនាងដោយសារតែគ្រូពេទ្យម្នាក់នោះជាជនជាតិស្បែកខ្មៅ។ តាមប្រភពបានអោយដឹងថាក្មេងស្រីម្នាក់នេះត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យ ដោយសាររបួសស្នាមចាក់ដោយកាំបិតនៅលើខ្នង។ គ្រូពេទ្យបានធ្វើការសម្អាតមុខរបួសអោយនាង តែនាងបានបដិសេធព្រមទាំងបោះសម្តីទៅកាន់គ្រូពេទ្យស្បែកខ្មៅនោះថា “អ្នកមិនអាចសម្អាតវាបានទេ ព្រោះអ្នកខ្លួនឯងកខ្វក់ខ្លាំងណាស់”។

ក្មេងស្រីវ័យ១៨ឆ្នាំមានឈ្មោះ Edwards នេះត្រូវបានប៉ូូលិសឃាត់ខ្លួននៅថ្ងៃទី០៦ ខែឧសភានេះ ខណៈពេលដែលនាងកំពុងដេកនៅក្នុងផ្ទះរបស់ខ្លួន។ នៅពេលដែលប៉ូលិសធ្វើការឃាត់ខ្លួននាង នាងបានជេប្រមាថ និងគំរាមចង់វាយប៉ូលិសវិញទៀតផង។ ក្មេងស្រីនេះត្រូវបានតុលាការផ្តន្ទាទោសរយៈពេល១២ខែ បំរើសង្គម២០០ម៉ោង បង់ប្រាក់សំណងអោយទៅគ្រូពេទ្យស្បែកខ្មៅនោះចំនួន៣៣៧ដុល្លារ ប៉ូលិសចំនួន ២០០ដុល្លារ បង់ថ្លៃចំនាយក្តី១១៥ដុល្លារ និង ថ្លៃពន្ធ១១៥ដុល្លារ៕

អត្ថបទ ៖ Mali
ប្រភព ៖ mirror