ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អតីតព្រះមហាក្សត្រអេស្ប៉ាញ Juan Carlos សម្រេចព្រះទ័យយាងចេញពីប្រទេសរបស់ទ្រង់ ក្រោយមានរឿងអាស្រូវទាក់ទងនឹងអំពើពុករលួយ

    BY autoadmin August 4, 2020
    អតីតព្រះមហាក្សត្រអេស្ប៉ាញ Juan Carlos សម្រេចព្រះទ័យយាងចេញពីប្រទេសរបស់ទ្រង់ ក្រោយមានរឿងអាស្រូវទាក់ទងនឹងអំពើពុករលួយ

    បើយោងតាមវិមានព្រះបរមរាជវាំងរបស់អេស្ប៉ាញបានឱ្យដឹងថា អតីតព្រះមហាក្សត្រ Juan Carlos បានសម្រេចព្រះទ័យចាកចេញពីប្រទេសរបស់ទ្រង់ ប៉ុន្មានសប្តាហ៍បន្ទាប់ពីមានការចោទប្រកាន់ទាក់ទងនឹងអំពើពុករលួយមកលើទ្រង់។ ទ្រង់ Juan Carlos ព្រះជន្ម ៨២វស្សា បានធ្វើសេចក្តីប្រកាសនៅក្នុងលិខិតមួយផ្ញើទៅកាន់បុត្រារបស់ទ្រង់ ដែលជាព្រះមហាក្សត្រអេស្ប៉ាញបច្ចុប្បន្ន គឺទ្រង់ Felipe VI ដោយមិនបានបញ្ជាក់ពីទីកន្លែងដែលទ្រង់យាងទៅនោះទេ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា ការចាកចេញរបស់ទ្រង់ត្រូវធ្វើឡើង ដើម្បីការពារកិត្តិយស​រាជវង្សា​នុវង្ស​របស់អេស្ប៉ាញ។

    សម្ពាធបានកំពុងមានឡើងអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ទៅលើអតីតព្រះមហាក្សត្រ និងព្រះរាជបុត្ររបស់ព្រះអង្គ បន្ទាប់ពីរដ្ឋអាជ្ញាអេស្ប៉ាញនិងស្វីស បានចាប់ផ្តើមស្វែងរកការចោទប្រកាន់ពីសំណូកទាក់ទងនឹងកិច្ចសន្យាផ្លូវដែកល្បឿនលឿនមួយ។ សេចក្តីថ្លែងការណ៍របស់វិមានបានដកស្រង់ព្រះបន្ទូលរបស់ទ្រង់ Juan Carlos ទៅកាន់ព្រះមហាក្សត្រ Felipe ថា ទ្រង់ចង់ឱ្យព្រះមហាក្សត្រ Felipe សោយរាជ្យដោយគ្មានបញ្ហា ដោយមិនមានទាក់ទងនឹងរឿងអាស្រូវពីអតីតកាលរបស់ទ្រង់ទេ ហើយវាគឺល្អសម្រាប់ពលរដ្ឋ និងព្រះមហាក្សត្រ ដែលទ្រង់នឹងចាកចេញពីប្រទេសអេស្ប៉ាញ៕

    អត្ថបទ៖ លីដា
    ប្រភព៖ China Global Television Network

    Share This Post: