យុវជនម្នាក់ត្រូវតុលាការពិន័យ៣៦លានដុល្លារ ដោយសារតែធ្វើឲ្យភ្លើងឆេះព្រៃ
អាមេរិក៖ តុលាការប្រចាំទីក្រុង Hood River រដ្ឋ Oregon សហរដ្ឋអាមេរិក សម្រេចឲ្យយុវជនម្នាក់ត្រូវសងប្រាក់ចំនួន ៣៦ លានដុល្លារ និងសរសេរសំបុត្រសូមទោសចំនួន៥២សន្លឹក ព្រោះតែគេបានធ្វើឲ្យមានភ្លើងឆេះព្រៃដ៏ធំមួយអំឡុងពេល ដែលគេទៅដើរលេងក្នុងព្រៃ។ គួររម្លឹកថា តំបន់ព្រៃ The Eagle Creek ត្រូវបានភ្លើងឆាបឆេះយ៉ាងខ្លាំង ហើយទម្រាំតែភ្លើងនេះរលត់អស់ទាំងស្រុងគឺត្រូវប្រើពេលរហូតដល់៣ខែឯណោះ។
តំបន់ព្រៃនេះមានផ្ទៃក្រឡាសរុបប្រមាណជា ១៩៤២៤ ហិកតា និងត្រូវចំណាយអស់ប្រាក់ប្រមាណជា ១៨ លានដុល្លារ ក្នុងការប្រើប្រាស់យន្តហោះទៅពន្លត់ភ្លើងនេះ។ ប្រជាពលរដ្ឋចំនួន៥២គ្រួសារ ដែលរស់នៅក្បែរតំបន់នេះបានក្លាយទៅជាជនរងគ្រោះ និងបានបាត់បង់ផ្ទះសម្បែង និងទ្រព្យសម្បត្តិជាច្រើនផងដែរ។ មកទល់នឹងពេលនេះយុវជនវ័យ១៥ឆ្នាំ ដែលជាអ្នកបង្កអគ្គិភ័យខាងលើពុំទាន់មានលទ្ធភាពអាចសងប្រាក់ដ៏ច្រើននេះនៅឡើងទេ ហើយយោងតាមច្បាប់អនីតិជនរូបនេះអាចនឹងត្រូវបញ្ឈប់ការសងប្រាក់ក្នុងរយៈពេល១០ឆ្នាំ ប្រសិនបើគេមិនបានប្រព្រឹត្តិបទល្មើសអ្វីផ្សេងបន្ថែមទៀត៕

អត្ថបទ៖ ភក្តី
ប្រភព៖ bbc