សាំងហ្គាពួរពិន័យបុរសម្នាក់ជាង ៣,៦០០ដុល្លារអាមេរិក ដោយសារតែគាត់លួចចេញទិញអាហារ ដែលល្មើសបំរាមនៅផ្ទះទប់ស្កាត់ជំងឺកូវីដ១៩
បុរសម្នាក់ត្រូវបានតុលាការសាំងហ្គាពួរ សម្រេចផាកពិន័យជាទឹកប្រាក់ចំនួន ៥,០០០ ដុល្លារសាំងហ្គាពួរ (ជាង៣,៦០០ដុល្លារអាមេរិក) ដោយសារបានល្មើសបទបញ្ជាស្នាក់នៅផ្ទះ ខណៈពេលដែលគាត់មានចេញរោគសញ្ញាផ្លូវដង្ហើម នៅចំពេលដែលប្រទេសនេះកំពុងខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ជំងឺ COVID-19 ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានឱ្យដឹងថា បុរសម្នាក់ឈ្មោះថា Dharamnath Singh អាយុ ៦៣ឆ្នាំ ជាជាងបច្ចេកទេសចូលនិវត្តន៍ ហើយគាត់ត្រូវបានគ្លីនិក Toa Payoh រកឃើញថា ឆ្លងមេរោគផ្លូវដង្ហើម (acute upper respiratory infection) តាំងតែពីថ្ងៃទី០៦ ខែមេសា មកម៉្លេះ។

ដោយសារគាត់មានបញ្ហាបែបនេះ ហើយក៏ស្ថិតក្នុងអំឡុងពេលមានការរាតត្បាតនៃជំងឺ COVID-19 ផងនោះ, គ្រូពេទ្យក៏បានចេញសំបុត្រពេទ្យ និងបញ្ជាក់ថាឱ្យគាត់ស្នាក់នៅតែផ្ទះប៉ុណ្ណោះ ចាប់ពីថ្ងៃទី០៦ ដល់ទី១០ ខែមេសា។ គាត់មិនត្រូវបានគេអនុញ្ញាឱ្យចេញក្រៅដាច់ខាត លើកលែងតែស្វែងរកសេវាវេជ្ជសាស្ត្រ ហើយសូម្បីតែទៅទិញអាហារក៏ត្រូវតែតាមរយៈអ្នកដឹងជញ្ជូនដែរ។ ប៉ុន្តែយ៉ាងណាបុរសនេះនៅតែចេញទៅក្រៅរកអាហារ ដោយសារតែកូនប្រុសរបស់គាត់មិនដែលទិញអាហារឱ្យគាត់ទេ ហើយកូនប្រុសរបស់គាត់ផ្ទាល់គឺជាអ្នករាយការណ៍ទៅអាជ្ញាធររឿងគាត់ចេញពីផ្ទះនេះ។ គួរឱ្យដឹងដែរថា តាមច្បាប់សាំងហ្គាពួរប្រសិនបើគាត់បង្កឱ្យអ្នកផ្សេងទៀតមានហានិភ័យឆ្លងជំងឺ COVID-19 គាត់អាចនឹងត្រូវជាប់ពន្ធនាគាររហូតដល់ទៅ ៦ខែ ពិន័យជាប្រាក់រហូតដល់ ១០,០០០ ដុល្លារសិង្ហបុរី ឬទាំងពីរ៕


អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia