រដ្ឋមន្ត្រីថ្មីនៃក្រសួងសាធារណការ និងដឹកជញ្ជូនរបស់ម៉ាឡេស៊ី កំពុងចាត់វិធានការយ៉ាងក្តៅគគុកលើទិញលក់ប័ណ្ណបើកបរដោយខុសច្បាប់
ម៉ាឡេស៊ី ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនថ្មីរបស់ប្រទេសម៉ាឡេស៊ីគ្រោងនឹងធ្វើចំណាត់ការតឹងរឹង លើការទិញលក់ប័ណ្ណបើកបរដោយខុសច្បាប់ បន្ទាប់ពីទើបនឹងឡើងដំណែង។ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនថ្មីលោក Anthony Loke ផ្តោតសំខាន់លើការលុបបំបាត់អំពើរពុករលួយក្នុងស្ថាប័នខ្លួន និងការទិញលក់ប័ណ្ណបើកបរដោយខុសច្បាប់។ តាមរយៈកិច្ចសម្ភាសន៍លោកបានមានប្រសាសន៍ថា “ការទទួលបានប័ណ្ណបើកបរតាមវីធីពុករលួយនឹងមិនមានទៀតនោះទេក្នុងប្រទេសម៉ាឡេស៊ី ចាប់ពីពេលនេះទៅ អ្នកដែលធ្លាក់ក្នុងការធ្វើតេស្តសាកល្បងបើកបរគឺតម្រូវអោយធ្វើតេស្តម្តងទៀត”។
លោក Anthony Loke បានប្រសាសន៍ថា “ខ្ញុំនឹងដោះស្រាយបញ្ហានេះ” លោកបន្ថែមទៀតថា លោកធ្លាប់ទទួលបានបណ្តឹងទាក់ទងនឹងរឿងនេះច្រើនមកហើយចាប់តាំងពីមិនទាន់ឡើងកាន់ដំណែងនេះមកម្លេះ។ យុទ្ធនាការបោសសម្អាតទៅលើការទិញប័ណ្ណបើកបរខុសច្បាប់នេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់សាលា និងវិទ្យាស្ថានបង្រៀនបើកបរ ព្រោះវាបានលើកស្ទួយវិស័យនេះឡើងវិញ។ កាលពីឆ្នាំ២០១៦ ស្ថាប័នប្រឆាំងអំពើរពុករលួយបានឃាត់ខ្លួនមនុស្សប្រមាណជាង១៤នាក់នៅក្នុងរដ្ឋ Sarawak ក្នុងនេះរួមបញ្ចូលទាំងមន្ត្រីក្នុងក្រសួងសាធារណការ និងដឹកជញ្ជូននេះ ៣នាក់ផងដែរ ដើម្បីធ្វើការស៊ើបអង្កេតអោយលម្អិតលើករណីនេះ៕
អត្ថបទ ៖ Mali
ប្រភព ៖ paultan