អាយុថ្លៃមែន! ក្មេងស្រីតូចម្នាក់មានសំណាងនៅមានជីវិតបន្ទាប់ពីត្រូវកប់ក្រោមគំនរបាក់បែកអស់រយៈពេល ២៤ ម៉ោង ក្រោយមានករណីផ្ទុះនៅប្រទេសលីបង់ (មានវីដេអូ)
លីបង់៖ ហេតុការណ៍ផ្ទុះដ៏សម្បើមមួយនៅកំពង់កំពង់ផែទីក្រុងបេរូតនៃប្រទេសលីបង់បានក្លាយជាប្រធានបទគួរឲ្យចាប់អារម្មណ៍បំផុតសម្រាប់សារព័ត៌មានធំៗនៅជុំវិញពិភពលោក ដោយសារព័ត៌មានទាំងនោះបានបន្តចុះផ្សាយរឿងរ៉ាវថ្មីៗជាច្រើនបន្ថែមទៀតដែលទាក់ទងនឹងសោកនាដកម្មមួយនេះ។ ជាក់ស្តែងបើយោងតាមសារព័ត៌មាន Daily Mail បានរាយការណ៍ថា ក្រុមអ្នកជួយសង្គ្រោះបានរកឃើញក្មេងស្រីតូចម្នាក់ដែលបានកប់នៅក្នុងគំនរបាក់បែក តែសំណាងល្អនាងនៅរស់មានជីវិតនៅឡើយ។ ការរកឃើញក្មេងស្រីអាយុនេះថ្លៃរូបនេះត្រូវបានធ្វើឡើងក្នុងរយៈពេល ២៤ ម៉ោង បន្ទាប់ពីកើតមានហេតុការណ៍ផ្ទុះ ដូចនេះវាមានន័យថាក្មេងស្រីរងគ្រោះត្រូវកប់ក្រោមគំនរបាក់បែក អត់អាហារ និងទឹកញាំមួយថ្ងៃពេញទៅហើយ តែនាងនៅមានសំណាងមិនទាន់ស្លាប់។

ក្រៅពីបានរកឃើញក្មេងស្រីរូបនេះ ក្រុមអ្នកជួយសង្គ្រោះក៏បានរកឃើញមនុស្សប្រុសម្នាក់កប់នៅក្នុងគំនរបាក់បែកដូចគ្នាដែរនិងត្រូវបានគេជួយសង្គ្រោះជីវិតបានទាន់ពេលវេលា។ ប្រធានបទដាច់ដោយឡែកមួយទៀតក៏ត្រូវបានប្រភពខាងលើយកមកចុះផ្សាយរួមគ្នាផងដែរ គឺមានអ្នកគ្រូពេទ្យម្នាក់ត្រូវបានគេចាត់ទុកថាជាវីរនារីដ៏អស្ចារ្យម្នាក់ បន្ទាប់ពីគាត់បានជួយសង្គ្រោះជីវិតទារកបីនាក់ទាំងដែលរូបគាត់ក៏ត្រូវរត់គេចខ្លួនពីហេតុកាណ៍ផ្ទុះនេះផងដែរ។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះហេតុការណ៍ផ្ទុះបានសម្លាប់មនុស្ស ១៣៥ នាក់ រងរបួសធ្ងន់ស្រាលប្រមាណជា ៥ ០០០ នាក់ និងបាត់ខ្លួនជាច្រើននាក់ទៀត ខណៈគេជឿថាតួលេខអ្នកស្លាប់នឹងមានការកើនឡើងផងដែរ៕




អត្ថបទ៖ ភក្តី
ប្រភព៖ Daily Mail