ប្រទេសជប៉ុនប្រារព្ធខួបលើកទី៧៥ នៃការទម្លាក់គ្រាប់បែកបរមាណូនៅហ៊ីរ៉ូស៊ីម៉ា ដែលបានសម្លាប់មនុស្សប្រមាណ ១៤០,០០០នាក់
ប្រទេសជប៉ុននៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែសីហា ឆ្នាំ២០២០ បានប្រារព្ធពិធីខួបរយៈពេល ៧៥ឆ្នាំ ចាប់តាំងពីការវាយប្រហារដោយគ្រាប់បែកបរមាណូលើកដំបូងរបស់ពិភពលោក ដែលកាលនោះវាបានសម្លាប់មនុស្សប្រមាណ ១៤០,០០០នាក់ ដោយសារតែការផ្ទុះរបស់គ្រាប់ផង និងផលប៉ះពាល់បន្ទាប់ពីការផ្ទុះផង។ អ្នកដែលនៅរស់រានមានជីវិត សាច់ញាតិរបស់ពួកគេ និងឥស្សរជនបរទេសមួយចំនួនតូច បានចូលរួមធ្វើពិធីរំលឹកខួបនេះឡើង ដោយមានទាំងការអធិស្ឋាន ចម្រៀង និងអំពាវនាវឱ្យមានសន្តិភាពក្នុងពិភពលោក។

ពិធីរំលឹកនេះត្រូវបានធ្វើនៅឯវិមានសន្តិភាពហ៊ីរ៉ូស៊ីម៉ា ហើយអ្នកចូលរួមក៏បានឈរស្ងៀមរយៈពេលមួយនាទី នៅម៉ោង ៨ និង ១៥នាទីព្រឹក (ម៉ោងក្នុងស្រុក) ដែលវាជាពេលវេលាស្របគ្នាទៅនឹងពេលដែលអាវុធនុយក្លេអ៊ែរដំបូងរបស់ពិភពលោក ត្រូវបានបំផ្ទុះលើទីក្រុងមួយនេះ។ នៅក្នុងសុន្ទរកថាមួយ អភិបាលក្រុងហ៊ីរ៉ូស៊ីម៉ា លោក Kazumi Matsui បានមានប្រសាសន៍ថា៖«យើងមិនត្រូវបណ្តោយឱ្យអតីតកាលដ៏ឈឺចាប់នេះកើតឡើងម្តងទៀតឡើយ។ សង្គមស៊ីវិលត្រូវតែបោះចោលនូវគំនិតអាត្មានិយម និងរួបរួមប្រឆាំងនឹងការគំរាមកំហែងទាំងអស់»។

គួរឱ្យដឹងដែរថា សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកបរមាណូលើកដំបូងរបស់ខ្លួនទៅលើទីក្រុងហ៊ីរ៉ូស៊ីម៉ា នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ១៩៤៥ ដោយវាបានបំផ្លាញទីក្រុងនេះទាំងមូល។ រហូតដល់ចុងឆ្នាំ១៩៤៥ ប្រជាជនប្រហែល ១៤០,០០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល និងប្រហែល ៤០% នៃប្រជាជនទីក្រុងមុនការវាយប្រហារបានស្លាប់ ទាំងការផ្ទុះ ឬលទ្ធផលបន្ទាប់ពីការផ្ទុះ។ សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកលើកទី៣ បីថ្ងៃក្រោយមកនៅភាគខាងត្បូងទីក្រុងណាហ្គាសាគី ដែលត្រូវបានគេប៉ាន់ស្មានថា បានសម្លាប់មនុស្ស ៧៤,០០០នាក់ ក្នុងឆ្នាំ១៩៤៥ ។ ប្រទេសជប៉ុនក៏បានប្រកាសការចុះចាញ់របស់ខ្លួនប៉ុន្មានថ្ងៃក្រោយមក នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៤៥៕



អត្ថបទ៖ លីដា
ប្រភព៖ DW