ការសិក្សាមួយបង្ហាញថា ជំងឺកូវីដ១៩ នៅប្រទេសជប៉ុន បានផ្ទុះឡើងវិញតាំងតែពីពាក់កណ្តាលខែមិថុនា
ក្រុមអ្នកស្រាវជ្រាវជនជាតិជប៉ុននិយាយថា ពួកគេគិតថាវីរុសកូរ៉ូណាបានបន្តរីករាលដាលនៅក្នុងប្រទេសជប៉ុនដោយគ្មានអ្នកចាប់អារម្មណ៍ បន្ទាប់ពីប្រទេសនេះគិតថាជំងឺនេះត្រូវបានគ្រង់គ្រងនៅក្នុងខែឧសភា។ ការលើកឡើងនេះគឺបន្ទាប់ពីវិទ្យាស្ថានជាតិនៃជំងឺឆ្លងកាលពីដើមសប្តាហ៍ បានចេញផ្សាយលទ្ធផលនៃការវិភាគហ្សែនយ៉ាងលម្អិតមួយ ដែលសំណាកសម្រាប់ការស្រាវជ្រាវត្រូវបានប្រមូលមកពីអ្នកជំងឺ COVID-19 នៅជប៉ុន ដើម្បីសិក្សាពីរបៀបដែលជំងឺនេះបានរីករាលដាល។

ក្រុមអ្នកស្រាវជ្រាវនិយាយថា វីរុសដែលបានចាប់ផ្តើមរីករាលដាលនៅក្នុងប្រទេសជប៉ុននៅពាក់កណ្តាលខែមីនា គឺជាអម្បូរដូចនៅអឺរ៉ុប ដែលមានដើមកំណើតនៅទីក្រុងវូហានរបស់ប្រទេសចិន ហើយបានចូលប្រទេសជប៉ុនតាមរយៈអឺរ៉ុប។ ការផ្ទុះដែលបណ្តាលមកពីអម្បូរនេះ ហាក់ដូចជាត្រូវបានធ្លាក់ចុះនៅក្នុងប្រទេសជប៉ុននៅក្នុងខែឧសភា ប៉ុន្តែមានការផ្ទុះជាចង្កោមបានចាប់ផ្តើមកើតមាននៅទូទាំងប្រទេស ចាប់ពីពាក់កណ្តាលខែមិថុនារៀងមក។
ការវិភាគសំណាកដែលបានយកចេញពីការឆ្លងជាចង្កោមទាំងនោះត្រូវបានគេរកឃើញថា វីរុសរបស់វាគឺជាការបំប្លែងពីហ្សែនវីរុសដែលផ្ទុះនៅអឺរ៉ុប ប៉ុន្តែក្រុមស្រាវជ្រាវមិនទាន់អាចបញ្ជាក់វាបាន។ ក្រុមអ្នកស្រាវជ្រាវនិយាយថា ការរកឃើញនេះមានន័យថាវីរុសនៅតែបន្តឆ្លងតាមរយៈអ្នកគ្មានចេញរោគសញ្ញា និងអ្នកដែលមានរោគសញ្ញាស្រាល ហើយបានកើតឡើងវិញនៅប្រទេសជប៉ុននៅពាក់កណ្តាលខែមិថុនា។ ពួកគេបន្ថែមថា វីរុសនេះអាចឆ្លងរាលដាលដល់តំបន់តូក្យូ នៅពេលដែលប្រជាជនបន្តការធ្វើដំណើរទៅមកជាធម្មតាវិញ៕



អត្ថបទ៖ លីដា
ប្រភព៖ NHK