អន្តរជាតិ

ប្រទេសលីបង់បានចាប់ខ្លួនមនុស្សចំនួន ១៦នាក់ នៅក្នុងការសើបអង្កេតទាក់ទងនឹងការផ្ទុះឃ្លាំងអាម៉ូញ៉ូមនីត្រាតនៅកំពង់ផែបេរូត

BY
autoadmin
August 7, 2020

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ NNA កាលពីថ្ងៃព្រហស្បតិ៍ ទី០៦ ខែសីហា បាននិយាយថា អាជ្ញាធរប្រទេសលីបង់បានចាប់ខ្លួនមនុស្សចំនួន ១៦នាក់ នៅក្នុងការស៊ើបអង្កេតមួយ ចំពោះការផ្ទុះឃ្លាំងស្តុកអាម៉ូញ៉ូមនីត្រាតនៅកំពង់ផែទីក្រុងបេរូត ហើយប្រភពតុលាការនិងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា អ្នកគ្រប់គ្រងទូទៅរបស់កំពង់ផែ ក៏ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានគេឃុំឃាំងផងដែរ។ សារព័ត៌មាន NNA មិនបានបញ្ចេញឈ្មោះបុគ្គលនោះទេ ប៉ុន្តែបានដកស្រង់សម្តីលោកចៅក្រម Fadi Akiki តំណាងរដ្ឋាភិបាលនៅឯតុលាការយោធាដោយនិយាយថា រហូតមកដល់ពេលនេះអាជ្ញាធរបានសាកសួរមន្ត្រីកំពង់ផែ និងមន្ត្រីគយជាង ១៨នាក់ និងអ្នកផ្សេងទៀត ដែលពាក់ព័ន្ធនឹងការងារថែទាំនៅឃ្លាំងនោះ។

ទីភ្នាក់ងារសារព័ត៌មាន NNA បានស្រង់សម្តីលោក Fadi Akiki បាននិយាយថា៖«មនុស្សចំនួន ១៦នាក់ ត្រូវបានគេយកទៅឃុំឃាំង ដែលជាផ្នែកមួយនៃការស៊ើបអង្កេត»​ លោកថាការស៊ើបអង្កេតកំពុងបន្ត។ មុននេះធនាគារកណ្តាលបាននិយាយថា ខ្លួនបានបង្អាក់គណនីអ្នកប្រើប្រាស់ចំនួន ៧នាក់ រួមមានអ្នកគ្រប់គ្រងកំពង់ផែលោក Hassan Koraytem និងប្រធានគយលីបង់។ គួរឱ្យដឹងដែរថាការផ្ទុះដ៏សាហាវកាលពីថ្ងៃអង្គារ បានបង្កឱ្យមានការរញ្ជួយដីនៅទូទាំងតំបន់។ យ៉ាងហោចណាស់មនុស្ស ១៤៥នាក់ បានស្លាប់ និង ៥,០០០ នាក់ បានរងរបួស។ មនុស្សរាប់សិបនាក់នៅតែបាត់ខ្លួននៅឡើយ ខណៈដែលមនុស្សរហូតដល់ ២៥០,០០០ នាក់ ត្រូវបាត់បង់ផ្ទះសម្បែងគ្មានជម្រក នៅចំពេលដែលប្រទេសនេះកំពុងធ្លាក់ចុះយ៉ាងខ្លាំងពីវិបត្តិសេដ្ឋកិច្ច និងការកើនឡើងនូវករណីជំងឺ COVID-19 ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: