មនុស្ស១៧នាក់បានស្លាប់ និងជាង ១០០ នាក់រងរបួស ឯយន្តហោះវិញដាច់ជា២កំណាត់ ក្នុងហេតុការណ៍យន្តហោះបើកធ្លាក់ផ្លូវនៅប្រទេសឥណ្ឌា
ឥណ្ឌា៖ យ៉ាងហោចណាស់មានមនុស្ស ១៧ នាក់បានស្លាប់ភ្លាមៗនៅក្នុងហេតុការណ៍យន្តហោះដឹកអ្នកដំណើរមួយគ្រឿងបានបើកធ្លាក់ចេញពីផ្លូវសម្រាប់ចុះចតនិងបង្កឲ្យមានការប៉ះទង្គិចយ៉ាងខ្លាំងរហូតយន្តហោះមួយគ្រឿងនោះត្រូវបាក់ដាច់ ២ ទៀតផង។ បើយោងតាមសារព័ត៌មាន China Plus បានចុះផ្សាយថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងប្រលានយន្តហោះអន្តរជាតិ Calicut ក្នុងក្រុង Karipurរដ្ឋ Kerala នៃប្រទេសឥណ្ឌាកាលពីយប់ថៃទី សុក្រ ៧ ខែ កក្កដា ម្សិលមិញនេះ ដោយយន្តហោះដឹកអ្នកដំណើរមួយគ្រឿងនេះជាយន្តហោះប្រភេទ Boeing 737 របស់ក្រុមហ៊ុន Air India Express និងមានទិសដៅដឹកអ្នកដំណើរមកពីទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម។

ប្រភពខាងលើបន្តថា យន្តហោះមួយគ្រឿងនេះមានផ្ទុកមនុស្សសរុបទាំងអ្នកដំណើរនិងក្រុមការងារហោះហើយចំនួន ១៩១ នាក់ ហើយភាគច្រើននៃអ្នកដំណើរក្នុងយន្តហោះមួយនេះគឺសុទ្ធតែជាក្រុមពលរដ្ឋឥណ្ឌាដែលត្រូវគេជម្រៀសចេញពីការរាតត្បាតនៃជំងឺកូវី ១៩ នៅឯបរទេសដើម្បីយកពួកគេចូលមកក្នុងប្រទេសកំណើតវិញ។ ក្រៅតែពីមានករណីស្លាប់ ក៏មានដែរអ្នកដំណើរជាង ១០០ នាក់ផ្សេងបានរងរបួស ហើយក្នុងនោះមាន ១៥ ករណីជាករណីធ្ងន់ធ្ងរទៀតផង។ ចំពោះមូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់វិញត្រូវបានក្រុមអ្នកជំនាងអះអាងថា ដោយសារតែមានភ្លៀងនិងព្យុះបោកបក់យ៉ាងខ្លាំងពេលយន្តហោះកំពុងធ្វើការចុះចត ហើយកម្លាំងនៃព្យុះភ្លៀងនោះបានរុញឲ្យយន្តហោះត្រូវចុះខុសផ្លូវប្រមាណជា ១០ ម៉ែត្រទើបបង្កឲ្យមានការប៉ះទង្គិចធ្ងន់ធ្ងរតែម្តង តែយ៉ាងណាក្តីយន្តនោះមិនបានផ្ទុះនិងឆេះនោះទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ China Plus