គ្រាន់តែបើកសាលារៀនឡើងវិញ រយៈពេល២សប្តាហ៍ក្មេងៗនៅសហរដ្ឋអាមេរិកជិត ១០ម៉ឺននាក់បានឆ្លងជំងឺកូវីដ១៩
យោងតាមបណ្ឌិតសភាកុមារអាមេរិកាំង (American Academy of Pediatrics) បានឱ្យដឹងថា ចាប់តាំងពីមានការបើកសាលារៀនឡើងវិញមក ក្មេងៗនៅសហរដ្ឋអាមេរិករហូតដល់ទៅជិត ១០០,០០០នាក់ បានឆ្លងជំងឺ COVID-19 ខណៈដែលឥឡូវនេះចំនួនអ្នកឆ្លងជំងឺ COVID-19 នៅអាមេរិកបានកើនដល់ ៥ លាននាក់ហើយ។ គិតចាប់តាំងពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ចំនួនក្មេងៗដែលបានឆ្លងជំងឺ COVID-19 មានចំនួន ៩៧,០០០នាក់ ហើយគិតចាប់តាំងពីជំងឺនេះបានវាយប្រហារសហរដ្ឋអាមេរិក មានក្មេងៗប្រមាណជា ៣៣៨,០០០នាក រួចមកហើយ ដែលបានឆ្លងជំងឺ COVID-19 នេះ។

វេជ្ជបណ្ឌិត Tina Hartert នៃសាកលវិទ្យាល័យ Vanderbilt មានប្រសាសន៍ថា ការបង្កើនការធ្វើតេស្តលើកុមារនឹងក្លាយជាកត្តាសំខាន់ក្នុងការកំណត់តួនាទីរបស់ពួកគេក្នុងការចម្លងជំងឺ ហើយពេលនេះអ្នកស្រីវេជ្ជបណ្ឌិតកំពុងដឹកនាំមូលនិធិដែលផ្ដល់ដោយរដ្ឋាភិបាល ដើម្បីផ្ដល់ឱ្យគ្រួសារចំនួន ២,០០០ ឱ្យទទួលបានឧបករណ៍ធ្វើតេស្ដនៅផ្ទះ។ ឆ្លើយតបនឹងការទប់ស្កាត់ការរីករាលដានៃជំងឺ COVID-19 សាលារៀនធំៗនៅ California, Los Angeles និង San Diego ដែលមានសិស្សសរុប ៧២០,០០០ បានសម្រេចឱសិស្សរៀនពីផ្ទះ។
ប៉ុន្តែទោះជាយ៉ាងណាសម្រាប់នៅ New York ឯណោះវិញ អភិបាលក្រុងលោក Bill De Blasio កំពុងស្នើសុំមតិពីអាណាព្យាបាល ដើម្បីថាតើគួរឱ្យកូនៗរៀននៅសាលា នៅផ្ទះ ឬរៀនលាយគ្នា (hybrid) ។ អាណាព្យាបាលនឹងមានពេលរហូតដល់ថ្ងៃសុក្រសម្រាប់ការសម្រេចចិត្ត ខណៈខាងសាលានឹងត្រូវរៀបចំវិធានការអនាម័យ រក្សាគម្លាត ដើម្បីធានាសុវត្ថិភាពរបស់សិស្ស។ ចំណែកក្រុមថ្នាក់សាកលវិទ្យាល័យវិញ ឥឡូវនេះខាងសាលាស្នើមិនឱ្យនិស្សិតមានការជប់លៀង ដើរលេងផ្លូវឆ្ងាយ និងការជួបជុំអ្នកនៅក្រៅសាលាជាដើម ដើម្បីកុំឱ្យមានការឆ្លងពីខាងក្រៅ៕








អត្ថបទ៖ លីដា
ប្រភព៖ Daily Mail