ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តុលាការចិនកាត់ទោសប្រហារជីវិតបុរសកាណាដាម្នាក់ពីបទផលិតគ្រឿងញៀនខុសច្បាប់ ស្របពេលដែលចិននិងកាណាដាកំពុងមើលមុខគ្នាមិនត្រង់

    BY autoadmin August 12, 2020
    តុលាការចិនកាត់ទោសប្រហារជីវិតបុរសកាណាដាម្នាក់ពីបទផលិតគ្រឿងញៀនខុសច្បាប់ ស្របពេលដែលចិននិងកាណាដាកំពុងមើលមុខគ្នាមិនត្រង់

    ចិន៖ កាលពីពេលថ្មីៗនេះ បុរសជនជាតិចិន សញ្ជាតិកាណាដាម្នាក់ត្រូវបានតុលាការចិនសម្រេចកាត់ទោសប្រហារជីវិតពីបទផលិតគ្រឿងញៀនខុសច្បាប់ នេះបើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មានអេឡិចត្រូនិច Aljazeera ។ ប្រភពដដែលនេះបានបន្តថា បុរសសញ្ជាតិកាដាណារូបនេះមានឈ្មោះ Xu Weihong​ ត្រូវបានចាប់ខ្លួនកាលពី ខែតុលា ឆ្នាំ២០១៦ ​ហើយពេលចាប់ខ្លួនប៉ូលិសបានរកឃើញសម្ភារៈផលិតគ្រឿងញៀនជាច្រើនរួមជាមួយនិងគ្រឿងទំងន់ ១២០ គីឡូក្រាមផងដែរនៅក្នុងផ្ទះរបស់គាត់នៅឯខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន។ ក្រៅតែពីបានកាត់ទោសប្រហារជីវិតបុរសកាណាដារូបនេះ មានបុរសកាដាណាម្នាក់ទៀតមានឈ្មោះថា Wen Guanxiong ដែលរងនូវការចោទប្រកាន់ថាបានរួមគំនិតផលិតគ្រឿងញៀនជាមួយលោក Xu Weihong​ ដែរនោះ ត្រូវបានតុលាការចិនសម្រេចកាត់ទោសឲ្យជាប់គុកអស់មួយជីវិតផងដែរ។

    សូមបញ្ជាក់ថា ការសម្រេចរបស់តុលាការចិនដូចបានជម្រាបជូនខាងលើនេះត្រូវបានធ្វើឡើងស្របពេលទំនាក់ទំនងចិននិងកាណាដាកំពុងមានភាពតានតឹងខ្លាំងជុំវិញបញ្ហារបស់ក្រុមបច្ចេកវិទ្យាចិន Huawei។ បញ្ហាដ៏រសើបនៃក្រុមហ៊ុនខ្នាតយក្សរបស់ចិនមួយនេះគឺ កាលពីចុងឆ្នាំ ២០១៨ កន្លងទៅនេះ កាណាដាបានចាប់ខ្លួនលោក Meng Wanzhou ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei នៅលើទឹកដីកាណាដាតាមដីការបស់តុលាការអាមេរិក ហើយកាលពីពេលថ្មីនេះទៀតសោធកាណាដាក៏បានគាំទ្រអាមេរិកដោយធ្វើការចោទប្រកាន់ថា ក្រុមបច្ចេកវិទ្យាចិន បានជួយលួចយកការសម្ងាត់ពីបណ្តាប្រទេសមួយចំនួនសម្រាប់ផ្តល់ជូនរដ្ឋាភិបាលចិន៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Aljazeera 

    Share This Post: