ចំនួនអ្នកស្លាប់ដោយសារការផ្ទុះឃ្លាំងអាម៉ូញ៉ូមនីត្រាតនៅក្រុងបេរូត បានកើនឡើងដល់ ២០០នាក់ ខណៈការប៉ះទង្គិចគ្នារវាងអ្នកតវ៉ានិងប៉ូលីសនៅតែបន្ដ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា មានមនុស្សច្រើនជាង ២០០នាក់ ត្រូវបានគេជឿថាបានស្លាប់ដោយសារការផ្ទុះឃ្លាំងអាម៉ូញ៉ូមនីត្រាតដ៏សាហាវ កាលពីថ្ងៃអង្គារ នៅក្នុងរដ្ឋធានីបេរូត។ លោក Marwan Abboud បាននិយាយថា មនុស្សរាប់សិបនាក់នៅតែបាត់ខ្លួននៅឡើយ ដែលភាគច្រើននៃពួកគេគឺជាពលករបរទេស។ ប៉ុន្តែយ៉ាងណាកងទ័ពបានបញ្ឈប់ដំណាក់កាលនៃការជួយសង្គ្រោះ នៅឯកំពង់ផែដែលជាចំណុចកណ្តាលនៃការផ្ទុះនោះហើយ។

កាលពីថ្ងៃអាទិត្យកន្លងទៅមានការផ្ទុះអំពើហិង្សារវាងប៉ូលីសនិងក្រុមបាតុករ ដោយសារពួកគេបានខឹងនឹងការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះគ្រោះមហន្តរាយនេះ ហើយវាក៏ជាយប់ទី២នៃការប៉ះទង្គិចគ្នានេះដែរ។ ការលាលែងពីតំណែងរបស់គណៈរដ្ឋមន្រ្តី និងសមាជិកសភាជាច្រើនរូប នៅតែបរាជ័យក្នុងការបង្ក្រាបកំហឹងនេះឱ្យស្ងប់ទៅវិញ។ គួរឱ្យដឹងដែរថា ចាប់តាំងពីការផ្ទុះកើតឡើងប្រជាជនរាប់សែននាក់បាន និងកំពុងរស់នៅក្នុងផ្ទះដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយភាគច្រើនគ្មានបង្អួច ឬទ្វារ។
ម្ចាស់ជំនួយអន្តរជាតិបានសន្យាផ្តល់ជំនួយចំនួន ២៩៧ លានដុល្លារ សម្រាប់ប្រទេសលីបង់នៅឯកិច្ចប្រជុំកំពូលមួយកាលពីថ្ងៃអាទិត្យ ដែលរៀបចំឡើងដោយប្រធានាធិបតីបារាំង Emmanuel Macron ។ ពួកគេបាននិយាយថា មូលនិធិត្រូវតែប្រគល់ដល់ប្រជាជនលីបង់ដោយផ្ទាល់៕






![]()


អត្ថបទ៖ លីដា
ប្រភព៖ BBC