ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ផ្ដើមស្នេហ៍តាម PUBG លុះស្គាល់គ្នាមិនបានប៉ុន្មានផងខាងស្រីប្រើល្បិចខ្ចីលុយពីខាងប្រុសបានជាង ៧ ម៉ឺនដុល្លារហើយគេចខ្លួនបាត់

    BY autoadmin August 12, 2020
    ផ្ដើមស្នេហ៍តាម PUBG លុះស្គាល់គ្នាមិនបានប៉ុន្មានផងខាងស្រីប្រើល្បិចខ្ចីលុយពីខាងប្រុសបានជាង ៧ ម៉ឺនដុល្លារហើយគេចខ្លួនបាត់

    ម៉ាឡេស៊ី៖ PUBG បានក្លាយជាហ្គេមលេងតាមទូរស័ព្ទដៃដ៏មានប្រជាប្រិយភាពមួយសម្រាប់យុវវ័យក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយក្រោយនេះ។ ហ្គេម PUBG អាចអនុញ្ញាតឲ្យលោកអ្នកលេងជាក្រុមជាមួយមិត្តភក្តិនិងបង្កើតមិត្តថ្មីបានតាមរយៈការលេងហ្គេមនេះរួមគ្នាតាមបណ្តាញអ៊ីនធឺណិត។ មានអ្នកខ្លះបានស្គាល់គ្នាតាមរយៈការលេងហ្គេម PUBG រហូតបានរៀបការកជាប្តីប្រពន្ធនឹងគ្នា ហើយក៏មានដែរអ្នកចាញ់បោកទំនាក់ទំនងក្លែងក្លាយតាមរយៈហ្គេមមួយនេះ។ ជាក់ស្តែងសារព័ត៌មាន World of Buzz បានរាយការណ៍ថា មានយុវជនម៉ាឡេស៊ីវ័យ ១៤ ឆ្នាំម្នាក់បានចាញ់បោកមិត្តស្រីដែលស្គាល់គ្នាតាមរយៈការលេងហ្គេម PUBG អស់ប្រាក់ប្រមាណជា ៣០០ ០០០ រីងហ្គីត (៧១,៤៩០ ដុល្លារអ​មេរិក)។

    ប្រភពខាងលើបានរៀបរាប់ថា​ យុវជនវ័យ ១៤ ឆ្នាំរូបនេះជាកូនអ្នកជំនួញមានជីវភាពធូរធាម្នាក់ ហើយរូបគេមានទម្លាប់លេងហ្គេម PUBG ជាប្រចាំរហូតថ្ងៃមួយរូបគេបានជួបនារីម្នាក់តាមបណ្តាញសង្គម និងផ្ដើមបង្កើតទំនាក់ទំនងជាមួយគ្នាតាមរយៈការលេងហ្គេម PUBG ជាមួយគ្នារាល់ថ្ងៃ។ រាប់អានគ្នាបាន ២-៣ ខែ យុវជនដែលទើបនឹងពេញវ័យហាក់មានចិត្តស្រលាញ់មិត្ត PUBG របស់គេ ​ហើយស្រ្តីរូបនោះក៏ផ្តើមខ្ចីលុយពីយុវជនជាបន្តបន្ទាប់ដោយសន្យាថានឹងសងវិញគ្រប់ចំនួន។

    ដោយមានចិត្តស្រលាញខាងស្រី យុវជនបានលួចដកលុយពីគណនីធនាគាររបស់ឪពុកគេជាបន្តបន្ទាប់ដើម្បីផ្ញើឲ្យនាង សរុបចំនួន  ២១ ដង និងបើគិតជាប្រាក់សរុបមានចំនួន ២៩៥ ៩៥០ រីងហ្គីត (៧០ ៥១៥ ដុល្លារអាមេរិក)។ កាលពីពេលថ្មីៗនេះ ឪពុករបស់យុវជនដែលកំពុងតែស្លុងអារម្មណ៍នឹងស្នេហាក្លែងក្លាយរូបនេះបានដឹងរឿងរ៉ាវរបស់គេ តែវាយឺតពេលបន្តិចទៅហើយព្រោះស្រី្តដែលទទួលបានលុយជាង ៧ ម៉ឺនដុល្លាររួចហើយនោះស្រាប់តែទាក់ទងលែងបាន ហើយក៏មិនដឹងទៅរកនាងនៅទីណាដែរ។ បច្ចុប្បន្នភាគីរងគ្រោះបានដាក់ពាក្យបណ្ដឹងទៅកាន់ប៉ូលិសដើម្បីស្វែងរកអន្តរាគមន៍ ខណៈគេជឿថាលុយដែលបាត់ទៅហើយនោះមិនងាយនឹងរកឃើញវិញទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ World of Buzz

    Share This Post: