ប្រធានាធិបតីប្រេស៊ីល Jair Bolsonaro និយាយថា របាយការណ៍មានការកើនឡើងភ្លើងឆេះព្រៃនៅអាម៉ាហ្សូន គឺជារឿងភូតកុហក
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ នៅថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro បាននិយាយថា វាជាការភូតកុហកដែលថាអគ្គិភ័យកំពុងរាលដាលព្រៃអាម៉ាហ្សូន ទោះបីជាមានទិន្នន័យពីរដ្ឋាភិបាលរបស់គាត់បង្ហាញថា ចំនួនភ្លើងកំពុងកើនឡើងក៏ដោយ។ រំលឹកដែរថាប្រធានាធិបតីរូបនេះតែទទួលរងការរិះគន់ ព្រោះតែការបណ្ដោយឱ្យមានភ្លើងឆេះព្រៃ និងការកាប់បំផ្លាញព្រៃឈើនៅអាម៉ាហ្សូន។

លោកប្រធានាធិបតី Jair Bolsonaro បាននិយាយការពីថ្ងៃអង្គារថា៖«ព្រៃត្រូពិកវាមិនឆេះទេ។ ដូច្នេះរឿងដែលថាអាម៉ាហ្សូនកំពុងមានអគ្គិភ័យនេះគឺជាការកុហក ហើយយើងត្រូវតែតតាំង ជាមួយតួលេខពិតប្រាកដ»។ ថ្វីបើគាត់បានប្រកែកបែបនេះមែន ប៉ុន្តែរូបភាពពីផ្កាយរណបរបស់ទីភ្នាក់ងារអវកាសជាតិរបស់ប្រេស៊ីល (INPE) បានបង្ហាញថា ចំនួនអគ្គិភ័យឆេះព្រៃនៅអាម៉ាហ្សូនប៉ែកខាងប្រេស៊ីលកាលពីខែមុន បានកើនឡើងដល់ ៦,៨០៣ ដែលស្មើនឹង ២៨% ធៀបនឹងខែកក្កដា ឆ្នាំ២០១៩។
អ្នកជំនាញក៏បាននិយាយដែរថា ភ្លើងទាំងនេះមិនមែនកើតដោយខ្លួនឯងទេ វាបង្កដោយការបំផ្លាញព្រៃ។ រំលឹកដែរថា ភ្លើងឆេះព្រៃអាម៉ាហ្សូនដែលជាដង្ហើមរបស់ពិភពលោក មិនមែនទើបតែកើតថ្មីៗនេះទេ។ ជាក់ស្ដែងកាលពីឆ្នាំមុនមានការឆេះយ៉ាងសម្បើម ដែលសូម្បីតែផ្សែងខ្មៅរបស់វាបានសាយភាយពីព្រៃដល់ទីក្រុង Sao Paulo ។ អ្នកជំនាអរំពឹងថា រដូវប្រាំងឆ្នាំនេះនឹងមានភ្លើងឆេះអាក្រក់ជាងមុនទៅទៀត។ ថ្វីបើមួយរយៈនេះការបំផ្លាញព្រៃបានចុះថយ ប៉ុន្តែស្ថានភាពអគ្គិភ័យនៅអាម៉ាហ្សូនកាន់តែអាក្រក់៕


អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍