ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃសម្រេចសងថ្ងៃឈប់បុណ្យចូលឆ្នាំ២ថ្ងៃបន្ថែមទៀត នៅដើមសប្តាហ៍ខែក្រោយនេះ

    BY autoadmin August 13, 2020
    ថៃសម្រេចសងថ្ងៃឈប់បុណ្យចូលឆ្នាំ២ថ្ងៃបន្ថែមទៀត នៅដើមសប្តាហ៍ខែក្រោយនេះ

    កាលពីខែកក្កដាកន្លងទៅនេះ ប្រទេសថៃបានសងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំរបស់ខ្លួន ដែលត្រូវបានបង្អាក់ដោយសារជំងឺ COVID-19 ប៉ុន្តែពេលនោះគេមិនបានឈប់ពេញទាំងអស់នោះទេ ដោយសារកាលនោះគឺត្រូវឈប់ជាប់គ្នាជាមួយនឹងបុណ្យចម្រើនព្រះជន្មរបស់ព្រះមហាក្សត្រថៃ។ យ៉ាងណាក៏ដោយឥឡូវនេះគណៈរដ្ឋមន្រ្តីរបស់ប្រទេសថៃ បានមូលមតិគ្នាឱ្យមានការសងថ្ងៃឈប់សម្រាករយៈពេល ២ថ្ងៃ ដែលនៅជំពាក់ពលរដ្ឋនោះ។

    លោក Wissanu Krua-ngam ឧបនាយករដ្ឋមន្រ្តីថៃបានថ្លែងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា គណៈរដ្ឋមន្រ្តីនឹងពិភាក្សាអំពីការសងថ្ងៃឈប់សម្រាកបុណ្យចូលរបស់ថៃនៅថ្ងៃសុក្រ ទី០៤ និងថ្ងៃច័ន្ទ ទី០៧ ខែកញ្ញា ហើយដោយសារថ្ងៃទី០៥ និងទី០៦ ខែកញ្ញា គឺជាថ្ងៃសៅរ៍-អាទិត្យស្រាប់ ដូច្នេះវាធ្វើឱ្យការឈប់សម្រាកមានរយៈពេល ៤ថ្ងៃជាប់គ្នាតែម្តង។

    យោងតាមការបង្ហោះរបស់ផេកហ្វេសប៊ុក Workpoint TODAY បានបញ្ជាក់ថា ក្រុមគណៈរដ្ឋមន្រ្តីរបស់ប្រទេសថៃបានសម្រេចរួមមតិគ្នារួចហើយ ដោយឱ្យមានការសងថ្ងៃឈប់សម្រាកចាប់ពីថ្ងៃទី០៤ ដល់ទី០៧ ខែកញ្ញា។ យ៉ាងណាក៏ដោយទោះបីជាមានការសងថ្ងៃឈប់សម្រាក ប៉ុន្តែការជួបជុំគ្នា និងផឹកស៊ីក្អាក់ក្អាយពេញផ្លូវ នឹងមិនត្រូវបានអនុញ្ញាតនោះទេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Coconuts

    Share This Post: