សហរដ្ឋអាមេរិករឹបអូសប្រេងបានជាង ១លានបារ៉ែល ពីនាវាដឹកប្រេងរបស់អ៉ីរ៉ង់ ដែលនាំចេញទៅវ៉េណេស៊ុយអេឡា
រដ្ឋាភិបាលសហរដ្ឋអាមេរិកនិយាយថា ខ្លួនបានរឹបអូសនាវាដឹកប្រេងអ៉ីរ៉ង់ដែលបញ្ជូនទៅវ៉េណេស៊ុយអេឡា ដែលជាផ្នែកមួយនៃការបញ្ជារឹបអូសរបស់អាមេរិក ផ្តោតលើអង្គភាពឆ្មាំបដិវត្តអ៉ីស្លាមអ៉ីរ៉ង់។ ការអះអាងនេះបានជំរុញឱ្យមានការសម្រុះសម្រួលយ៉ាងឆាប់រហ័សពីទីក្រុងតេអេរ៉ង់ ដែលបានបដិសេធថាមិនមានទំនាក់ទំនងជាមួយនាវាដឹកប្រេងឥន្ធនៈទាំងនេះទេ។ ក្រសួងយុត្តិធម៌អាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលបានរឹបអូសប្រេងប្រហែល ១.១ លានបារ៉ែល ពីនាវាប្រេងចំនួន ៤គ្រឿង។

នាយកដ្ឋាននេះបានអះអាងថា ការដឹកជញ្ជូននេះត្រូវបានរៀបចំឡើងដោយក្រុមឆ្មាំបដិវត្តអ៉ីស្លាមអ៉ីរ៉ង់ ដែលសហរដ្ឋអាមេរិកហៅថា «ជាអង្គភាពភេរវករបរទេស» ហើយបានរំលោភទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ ចំណូលពីប្រេងដែលរឹបអូសបានអាចត្រូវបានបញ្ជូនទៅមូលនិធិសម្រាប់ជនរងគ្រោះនៃអំពើភេរវកម្ម ដែលឧបត្ថម្ភដោយរដ្ឋ និងក្រុមគ្រួសាររបស់ពួកគេ។ ប៉ុន្តែទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៉ីរ៉ង់នៅថ្ងៃសុក្រនេះ បានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលម្នាក់ បានបដិសេធចំពោះការរឹបអូសនាវាទាំងនេះ។
ឯកអគ្គរដ្ឋទូតអ៉ីរ៉ង់ប្រចាំនៅវេណេស៊ុយអេឡា បាននិយាយនៅលើបណ្តាញសង្គម Twitter របស់ខ្លួនថា ការអះអាងនេះគឺជាការកុហក និងជាសង្គ្រាមចិត្តសាស្ត្រ ពីការឃោសនារបស់សហរដ្ឋអាមេរិក។ យោធាសហរដ្ឋអាមេរិកបានបញ្ចេញវីដេអូមួយ ដែលបង្ហាញពីកម្លាំងអ៉ីរ៉ង់ដែលព្យាយាមចាប់យកនាវាដឹកប្រេងមួយផ្សេងទៀតនៅជិតច្រក Hormuz ផងដែរ។ បញ្ជាការកណ្តាលអាមេរិកបាននិយាយថា នាវាអ៉ីរ៉ង់ ២គ្រឿង និងឧទ្ធម្ភាគចក្រមួយគ្រឿង បានជាប់ទាក់ទងនឹងការប៉ុនប៉ងនេះ ដើម្បីស្រង់ដើមយកប្រេងមកវិញ បន្ទាប់ពីត្រូវបានអាមេរិករឹបអូសនាវាប្រេងរបស់ខ្លួន៕

អត្ថបទ៖ លីដា
ប្រភព៖ Department of Justice , NHK