ភ្លើងឆេះព្រៃយ៉ាងសន្ធោរសន្ធៅនៅតំបន់កាលីហ្វ័រញ៉ាខាងត្បូង បានបំផ្លាញផ្ទៃដីអស់ជាង ៤,០០០ហិកតា ត្រឹមតែមួយយប់
កាលពីយប់ថ្ងៃព្រហស្បតិ៍កន្លងទៅមានអគ្គិភ័យយ៉ាងសម្បើមមួយ បានឆាបឆេះនៅតំបន់ Southern California ដែលវាបានឆាបឆេះព្រៃរាប់ម៉ោង ហើយបានដាក់សម្ពាធយ៉ាងខ្លាំងដល់ក្រុមអ្នកពន្លត់អគ្គិភ័យ ខណៈអាជ្ញាធរបានបញ្ជាឱ្យមានការជម្លៀសប្រជាជនចេញពីទីនោះ។ អគ្គិភ័យបានផ្ទុះឡើងកាលពីល្ងាចថ្ងៃពុធ (ម៉ោងនៅអាមេរិក) និងបានឆាបឆេះព្រៃច្រើនជាង ១៥.៦ ម៉ាយក្រឡា ឬ ៤០ គីឡូម៉ែត្រក្រឡា ដោយរួមទាំងកន្លែងខ្លះមិនធ្លាប់ឆាបឆេះពីមុននោះទេ ចាប់តាំងពីឆ្នាំ១៩៦៨ តរៀងមក។

គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍វាបានឆាបឆេះអស់ព្រៃទំហំ ១០,៥០០ អាក្រេ (ប្រហែល ៤,២៥០ ហិកតា)។ អគ្គិភ័យមានទីតាំងនៅចន្លោះបឹង Hughes និង Castaic ហើយមានអ្នកពន្លត់អគ្គិភ័យចំនួន ៥០០នាក់ និងឧទ្ធម្ភាគចក្រ បានចូលរួមក្នុងប្រតិបត្តិការនេះ។ មនុស្សមួយចំនួនក៏មិនបានសម្រាកនៅតាមកន្លែងស្នាក់នៅបណ្ដោះអាសន្នដែរ ដោយខ្លះបានសម្រាកនៅតាមរថយន្តរបស់ពួកគេ ដោយសារហានិភ័យនៃការឆ្លងជំងឺ COVID-19 ។ នៅក្នុងតំបន់កំពុងមានខ្យល់ច្រើនខណៈមានសំណើមតិចតួច ដោយសារតែវាឈានចូលដល់រដូវក្ដៅ ដូច្នេះហើយវាងាយនឹងបង្កជាភ្លើងឆេះព្រៃនៅទីនោះ៕










អត្ថបទ៖ លីដា
ប្រភព៖ Review Journal