ផ្អើលទាំងយប់! ឆេះបន្ទប់ជាន់ទី៣ របស់ក្រុមហ៊ុនមួយនៅជិតផ្សារកណ្តាល
រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោង១៩ និង៣៦នាទីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ មានអគ្គិភ័យមួយកន្លែងកើតឡើងនៅក្រុមហ៊ុន ហ្វឺសខេមូឌា ស្ថិតនៅតាមបណ្តោយផ្លូវ១១៨ ក្រុមទី៣៨ ភូមិ១៤ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាប្រភេទសំណង់អគារសង់ពីថ្មប្រក់ស័ង្កសី ទំហំ ១២ម៉ែត្រ x ១៦ម៉ែត្រ មានកម្ពស់៥ជាន់ ដែលមានម្ចាស់ឈ្មោះ លី សាគុណ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជា ប្រធានក្រុមហ៊ុន។
មូលហេតុៈ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ឯការខូចខាតបានឆេះបន្ទប់សម្ភារៈការិយាល័យជាន់ទី៣ ទំហំ៦ម៉ែត្រ x ១០ម៉ែត្រ ចំនួន ០១បន្ទប់។ ក្រោយទទួលបានព័ត៌មានទាន់ហេតុការណ៍ភ្លាម រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញទៅពន្លត់ចំនួន១២ គ្រឿង ប្រើប្រាស់ទឹកអស់១២រថយន្តស្មើនឹង១៥៦ម៉ែត្រគូប និងមានរថយន្តជំនួយពីក្រុមហ៊ុនស្រាបៀកម្ពុជាចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០១រថយន្ត ស្មើនឹង០៦ ម៉ែត្រគូប។
អគ្គីភ័យខាងលើបានពន្លត់ចប់សព្វ គ្រប់នៅម៉ោង២១ និង០០នាទី នាថ្ងៃខែឆ្នាំដដែល ដោយមិនបន្តឲ្យឆេះរាលដាលដល់ផ្ទះនៅក្បែជិតខាង និងពុំមានមនុស្សរងរបួស ឬស្លាប់ឡើយ៕
