អង្គការសុខភាពពិភពលោកអំពាវនាវឱ្យមានសមភាព នៅក្នុងការទទួលបានវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩
ប្រធានអង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវឱ្យប្រទេសនានាចូលរួមក្នុងក្របខ័ណ្ឌមួយដែលធានាបានថា អ្នកចូលរួមអាចទទួលបានវ៉ាក់សាំង COVID-19 ដោយស្មើភាពគ្នា។ ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃច័ន្ទ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោកបានដាស់តឿនប្រទេសនានាថា កុំប្រមូលយកវ៉ាក់សាំងសម្រាប់តែពលរដ្ឋរបស់ខ្លួនអី។ លោកមានប្រសាសន៍ថា ការប្រមូលយកវ៉ាក់សាំងសម្រាប់តែប្រទេសខ្លួនបែបនេះ គឺដូចជាការជួយឱ្យជំងឺកាន់តែរាលដាល។

លោក Tedros បាននិយាយថា មានប្រទេសចំនួន ១៧២ កំពុងភ្ជាប់ទំនាក់ទំនងជាមួយ COVAX ដែលជាយន្តការណ៍ផ្តល់ភាពងាយស្រួលដើម្បីទទួលយកវ៉ាក់សាំងជំងឺ COVID-19 ។ វាមានគោលបំណងផ្តល់ជូនប្រទេសទាំងអស់ដែលចូលរួម ក្នុងការទទួលបានវ៉ាក់សាំងប្រកបដោយសមធម៌។ លោក Tedros បាននិយាយថា ការវិនិយោគនៅក្នុង COVAX គឺជាមធ្យោបាយលឿនបំផុតដើម្បីបញ្ចប់ជំងឺរាតត្បាត និងធានាបាននូវការងើបឡើងវិញនៃសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។
យន្ដការនេះត្រូវបានចាប់ផ្ដើមដោយអង្គការសុខភាពពិភពលោក (WHO) រួមជាមួយអង្គការ Gavi ដែលជាសម្ព័ន្ធវ៉ាក់សាំងរបស់លោក Bill Gates និងភរិយា។ វាជាក្រុមអន្តរជាតិមួយដែលធ្វើការដើម្បីលើកកម្ពស់ការចាក់វ៉ាក់សាំងនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ គេហទំព័ររបស់ Gavi ក៏បានរាយប្រទេសនានា ដែលបានបង្ហាញចំណាប់អារម្មណ៍លើយន្ដការនេះ ដែលរួមមានប្រទេសជប៉ុន ចក្រភពអង់គ្លេស និងកាណាដា។ ប៉ុន្តែបញ្ជីនេះមិនរាប់បញ្ចូលសហរដ្ឋអាមេរិក ឬចិនទេ។ អង្គការសុខភាពពិភពលោកកំពុងអំពាវនាវឱ្យបណ្តាប្រទេសនានាបង្ហាញពីចេតនាចូលរួមរបស់ខ្លួននៅចុងខែនេះ៕



អត្ថបទ៖ លីដា
ប្រភព៖ NHK