ប៉ូលិសប៉េរូ ចុះបង្ក្រាបក្លឹបកម្សាន្ត ដើម្បីកុំឲ្យឆ្លងកូរ៉ូណា ធ្វើឲ្យអ្នកចូលភ័យរត់ជាន់គ្នាស្លាប់ជាង១០នាក់
យ៉ាងហោចណាស់មានមនុស្ស ១៣នាក់ បានស្លាប់ និង ៣នាក់ ផ្សេងទៀតបានរងរបួស នៅក្នុងហេតុការណ៍រត់ជាន់គ្នានៅក្លឹបរាត្រីមួយ ក្នុងទីក្រុងលីម៉ា នៃប្រទេសប៉េរូ ដោយសារតែក្រុមអ្នកកម្សាន្តទាំងនោះ បានព្យាយាមរត់គេចពីការវាយឆ្មក់របស់ប៉ូលីសនៅនឹងកន្លែង។ ប៉ូលីសបានឆ្មក់ចូលទៅក្លឹបឈ្មោះថា Thomas Restobar នៅតំបន់ Los Olivos នៃរដ្ឋធានីលីម៉ា កាលពីល្ងាចថ្ងៃសៅរ៍ ដើម្បីបិទពិធីជប់លៀងកម្សាន្តខុសច្បាប់មួយ ដែលមានមនុស្សជាង ១២០នាក់ចូលរួម ដោយសារតែវាផ្ទុយពីបំរាមគោចរ ដែលតម្រូវមិនឱ្យមានការចេញក្រៅដើរសប្បាយក្រោយម៉ោង ១០យប់ នោះឡើយ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19។

ប្រទេសប៉េរូគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេនៅទ្វីបអាមេរិក ដែលបានចាត់វិធានការការពារដ៏តឹងរ៉ឹងបំផុត ប៉ុន្តែឥឡូវនេះគឺជាប្រទេសមួយដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតនៅអាមេរិកឡាទីន ជាមួយនឹងករណីជាង ៥៧៦,០០០ ករណី នេះបើយោងតាមតួលេខពីសាកលវិទ្យាល័យចនស៍ហបគីនស៍ (Johns Hopkins University)។ រហូតមកដល់ពេលនេះ ប្រទេសនេះក៏មានមនុស្សជាង ២៧,០០០ នាក់ បានស្លាប់ដោយសារជំងឺ COVID-19 នេះផងដែរ។ នៅក្នុងសេចក្តីថ្លែងការណ៍ជាផ្លូវការក្រសួងមហាផ្ទៃបានរាយការណ៍ថា ប៉ូលីសមិនបានប្រើអាវុធ ឬឧស្ម័នបង្ហូរទឹកភ្នែកណាមួយឡើយ។ ក្រុមអ្នកកម្សាន្តបានជាន់គ្នានៅពេលពួកគេចុះពីជាន់ទី២ ដើម្បីគេចពីក្រុមប៉ូលីសដែលវាយឆ្មក់។
ប៉ូលីសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេបានចាប់ផ្តើមការស៊ើបអង្កេតមួយ ដើម្បីកំណត់អត្តសញ្ញាណម្ចាស់ក្លឹបរាត្រី និងអ្នកដែលទទួលខុសត្រូវចំពោះពិធីជប់លៀងនេះ។ ប៉ូលីសក៏បាននិយាយដែរថា មានមនុស្សចំនួន ២៣នាក់ ត្រូវបានគេចាប់ខ្លួន ហើយក៏សោកស្ដាយចំពោះអ្នកដែលបានស្លាប់ទាំង ១៣នាក់ ផងដែរ៕



អត្ថបទ៖ លីដា
ប្រភព៖ CNN