ម៉ាឡេស៊ីសម្រេចឲ្យសិស្សអាយុក្រោម ១២ ឆ្នាំមិនចាំបាច់ពាក់ម៉ាស់ពេលទៅសាលារៀននោះទេ តែត្រូវពាក់របាំងមុខបា្លស្ទិកជំនួសវិញដើម្បីកាត់បន្ថយចំណាយ
ម៉ាឡេស៊ី៖ អាជ្ញាធរសុខាភិបាលនៃប្រទេសម៉ាឡេស៊ីបានឲ្យដឹងថា ក្មេងៗសិស្សសាលាដែលមានអាយុ ១២ ឆ្នាំ និងក្រោម ១២ ឆ្នាំ គឺពួកគេត្រូវបានលើងលែងមិនចាំបាច់ពាក់ម៉ាស់ពេលទៅសាលារៀននោះទេ តែពួកគេត្រូវពាក់របាំងមុខធ្វើអំពីប្លាស្ទិកជំនួសវិញ។ ការសម្រេចដូចនេះត្រូវបានអាជ្ញាធរសុខាភិបាលម៉ាឡេស៊ីអះអាងថា គឺដើម្បីចូលរួមជួយសន្សំសំចៃប្រជាពលរដ្ឋពីការចំណាយលុយទិញម៉ាស់ ស្របពេលដែលឥទ្ធិពលនៃការរាតត្បាតជំងឺកូវីដ ១៩ នៅក្នុងប្រទេសម៉ាឡេស៊ីហាក់បានធូរស្រាលជាងមុនបន្តិច។

សូមបញ្ជាក់ថា ការប្រើប្រាស់របាំងមុខប្លាស្ទិកនេះគឺអាចកាត់បន្ថយការចំណាយបានមួយផ្នែកធំ ព្រោះរបាំងមុខអាចលាងសម្អាតសម្រាប់ប្រើប្រាស់ឡើងវិញបាន ហើយរបាំងមុខមួយអាចប្រើប្រាស់បានរហូតដល់ ៥ ខែឯណោះ ខុសពីម៉ាស់ដែលអ្នកពាក់ត្រូវតែប្តូរជាប្រចាំ ហើយក្នុងមួយថ្ងៃអាចប្តូរម៉ាស់ថ្មីចំនួន ២-៣ ឬអាចច្រើនជាងនេះផង។ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ កន្លងទៅ ក្រសួងសុខាភិបាលម៉ាឡេស៊ី បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter ថា ក្មេងៗអាយុ១២ឆ្នាំ ឬក្រោម១២ឆ្នាំ ត្រូវបានអនុញ្ញាតិឲ្យពាក់របាំងមុខទៅសាលារៀនបាន។
សូមបញ្ជាក់ជូនផងដែរថា នៅក្នុងប្រទេសម៉ាឡេស៊ីនាសម័យកាលកូវីដ ១៩ នេះ ការពាក់ម៉ាស់នៅទីសាធារណៈគឺជាកាតព្វកិច្ចរបស់ពលរដ្ឋគ្រប់រូប ហើយអ្នកណាដែលមិនព្រមអនុវត្តកាតាព្វកិច្ចក៏ចាំបាច់នេះគឺត្រូវប្រឈមនឹងការទទួលទោសតាមផ្លុវច្បាប់ ដែលមានដូចជាការផាកពិន័យជាប្រាក់ ឬជាប់គុកជាដើម៕
KKM setuju benarkan kanak-kanak bawah 12 tahun hanya pakai pelindung muka, tidak perlu pelitup muka ke sekolah – @IsmailSabri60
— KKMalaysia🇲🇾 (@KKMPutrajaya) August 25, 2020

អត្ថបទ៖ភក្តី
ប្រភព៖ World of Buzz