កូរ៉េខាងត្បូងបញ្ជាឱ្យគ្រូពេទ្យត្រឡប់មកធ្វើការវិញ ខណៈគ្រូពេទ្យរាប់ពាន់នាក់បានប្រមូលផ្ដុំគ្នាធ្វើកូដកម្មប្រឆាំងសំណើរដ្ឋាភិបាល
ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃពុធ ទី២៦ ខែសីហា បានបញ្ជាឱ្យវេជ្ជបណ្ឌិតនៅតំបន់សេអ៊ូល ត្រូវវិលត្រឡប់មកធ្វើការវិញ ខណៈពួកគេបានចាប់ផ្តើមធ្វើកូដកម្មរយៈពេល ៣ថ្ងៃ ដើម្បីប្រឆាំងនឹងសំណើរបស់រដ្ឋាភិបាលជាច្រើន ក្នុងនោះមានមួយដើម្បីបង្កើនចំនួនវេជ្ជបណ្ឌិត សម្រាប់ដោះស្រាយវិបត្តិសុខភាពដូចជាជំងឺ COVID-19 ។ ក្រុមគ្រូពេទ្យកំពុងចាកចេញពីកន្លែងធ្វើការ ហើយវេជ្ជបណ្ឌិតរាប់ពាន់នាក់ទៀតកំពុងធ្វើកូដកម្មរយៈពេល ៣ថ្ងៃ ដែលចាប់ផ្តើមពីថ្ងៃពុធ។

កូដកម្មបានកើតឡើងនៅពេលដែលប្រទេសកូរ៉េខាងត្បូង កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងថ្មីនៃជំងឺ COVID-19 ដ៏អាក្រក់បំផុតមួយរបស់ខ្លួន ដោយមានករណីថ្មីចំនួន ៣២០ ករណី ត្រូវបានគេរាយការណ៍នៅក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ គិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារ ហើយវាក៏មានរយៈពេលជាង ១សប្ដាហ៍មកហើយ ដែលករណីនៅកូរ៉េខាងត្បូងបានកើនឡើងដល់៣ខ្ទង់។ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់បានរាយការណ៍ថា ការដើរចេញពីការងាររបស់បុគ្គលិកពេទ្យកាលពីថ្ងៃពុធ បានបង្ខំឱ្យមន្ទីរពេទ្យទូទៅធំៗចំនួន ៥ របស់កូរ៉េខាងត្បូង កំណត់ម៉ោង និងពន្យារពេលនៃការវះកាត់ឱ្យអ្នកជំងឺ៕



អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia