កូរ៉េខាងជើងបញ្ចេញរូបភាពលោក គីម ជុងអ៊ុន ប៉ុន្មានសន្លឹកក្ដៅៗ បន្ទាប់ពីទើបតែល្បីថាមេដឹកនាំរូបនេះធ្លាក់ខ្លួនសន្លប់
កូរ៉េខាងជើងបានបញ្ចេញរូបភាពថ្មីៗរបស់លោក គីម ជុងអ៊ុន ក្រោយប៉ុន្មានថ្ងៃបន្ទាប់ពីអ្នកការទូតកូរ៉េខាងត្បូងម្នាក់បានអះអាងថា គាត់កំពុងសន្លប់បាត់ស្មារតី (coma)។ ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េដែលគ្រប់គ្រងដោយរដ្ឋបាននិយាយថា មេដឹកនាំរូបនេះបានបង្ហាញខ្លួននៅក្នុងការប្រជុំធំមួយរបស់ការិយាល័យនយោបាយនៃគណបក្សពលករ។ យោងតាមប្រភពដដែលបានឱ្យដឹងថា លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យមានកិច្ចប្រឹងប្រែងបង្ការប្រឆាំងនឹងជំងឺ COVID-19 និងខ្យល់ព្យុះ ដោយសារថាប្រទេសនេះក៏រំពឹងនឹងមានបញ្ហាគ្រោះធម្មជាតិផងដែរ។

វត្តមានរបស់លោក គីម ជុងអ៊ុន បានកើតមានឡើង២ថ្ងៃ បន្ទាប់ពីលោក Chang Song-min ដែលជាអតីតជំនួយការរបស់អតីតប្រធានាធិបតីកូរ៉េខាត្បូងលោក Kim Dae-jung បាននិយាយថា មេដឹកនាំកូរ៉េខាងជើងរូបនេះបានសន្លប់បាត់ស្មារតីតាំងតែពីខែមេសា ហើយវត្តមានរបស់គាត់កន្លងមកគឺក្លែងក្លាយ។ ការបង្ហាញខ្លួនរបស់លោក គីម ជុងអ៊ុន គឺដើម្បីប្រជុំទាក់ទងនឹងជំងឺ COVID-19 ទោះបីប្រទេសរបស់លោកមិនទាន់មានករណីដំបូងក៏ដោយ ក៏ដូចជាវិធានការបន្ទាន់របស់រដ្ឋស្តីពីការការពារការខូចខាតដំណាំ និងគ្រោះថ្នាក់ពីព្យុះទីហ្វុង Bavi ដែលត្រូវបានគេរំពឹងថា នឹងវាយប្រហារប្រទេសនេះក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ៕



អត្ថបទ៖ លីដា
ប្រភព៖ Daily Mail