ថានៅខ្មែរទៅសាំងថ្លៃ នៅឡាវសាំងថ្លៃជាងយើងទៀត
ប្រទេសឡាវ៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរបស់ប្រទេសឡាវបានប្រកាសថា តម្លៃប្រេងឥន្ធនៈនៅតែបន្តកើនឡើងទៀតកាលពីថ្ងៃសៅរ៍ ទី២៦កន្លងទៅនេះ។ ក្រុមហ៊ុនប្រេងឥន្ធនៈ និងស្ថានីយ៍ប្រេងឥន្ធនៈនៅទូទាំងប្រទេសបានបង្កើនតម្លៃលក់រាយ ២០០គីប/លីត្រសំរាប់សាំងស៊ុបពែ ១០០គីប/លីត្រសំរាប់សាំងធម្មតា និង ១០០គីប/លីត្រសំរាប់ម៉ាស៊ូត។
តម្លៃសាំងក្នុងប្រទេសឡាវនាពេលបច្ចុប្បន្ន៖
+ សាំងស៊ុបពែ៖ ១០,៣១០គីប (ប្រហែល ៥០១១រៀល) ឡើងដល់ ១០,៥១០គីប (ប្រហែល៥,១០០រៀល)ក្នុងមួយលីត្រ
+ សាំងធម្មតា៖ ៩,២៧០គីប (ប្រហែល៤,៥០០រៀល) ឡើងដល់ ៩,៣៧០គីប (ប្រហែល៤,៥៥០រៀល) ក្នុងមួយលីត្រ
+ ម៉ាស៊ូត៖ ៨,៣០០គីប (ប្រហែល៤,០៣៤រៀល) ឡើងដល់ ៨,៤០០គីប (ប្រហែល ៤,០៨២រៀល)ក្នុងមួយលីត្រ។
រដ្ឋមន្ត្រីរូបនេះមានប្រសាសន៍បន្ថែមថា ការកើនឡើងតម្លៃនេះគឺស្របតាមការប្រែប្រួលតម្លៃប្រេងសាំងនៅលើទីផ្សារពិភពលោក លោកបានអំពាវនាវដល់គ្រប់ភាគីទាំងអស់អោយចាត់វិធានការ ដើម្បីសន្សំសំចៃការប្រើប្រាស់នេះ ព្រោះឡាវក៏ជាប្រទេសនាំចូលដែរ។
ទោះបីជាយ៉ាងណាក៏ដោយវាត្រូវបានគេសង្កេតឃើញថា កត្តាខាងក្រៅមិនមែនជារឿងតែមួយគត់ដែលធ្វើឱ្យតម្លៃកើនឡើងនោះទេ។ ក្រុមហ៊ុនប្រេងឥន្ធនៈក៏ទទួលរងការចំណាយក្នុងស្រុកជាច្រើនដូចជា ការបង់ពន្ធកាន់តែខ្ពស់កាតព្វកិច្ចបម្រុងរបស់រដ្ឋាភិបាល ថ្លៃមូលនិធិថែទាំផ្លូវ ថ្លៃសេវាអេឡិចត្រូនិច និងសេវាត្រួតពិនិត្យគុណភាព ការចំណាយទាំងអស់នេះត្រូវបានបន្ថែមទៅតម្លៃលក់រាយ។


អត្ថបទ ៖ Mali
ប្រភព ៖ laotiantimes