ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រថយន្តដឹកសំរាមស៊ិនទ្រីបើកកៀររថយន្តឡង់គ្រីស័រគេហើយ មិនព្រមឈប់ដោះស្រាយ បែរបើករត់ លុះម្ចាស់រថយន្តឡង់គ្រីស័របើកដេញតាមស្ទាក់ពីមុខ រថយន្តដឹកសំរាមជាន់ហ្វ្រាំងមិនស៊ីបុកពីក្រោយថែមមួយតង់ទៀត

    BY Khmernote Media September 3, 2020
    រថយន្តដឹកសំរាមស៊ិនទ្រីបើកកៀររថយន្តឡង់គ្រីស័រគេហើយ មិនព្រមឈប់ដោះស្រាយ បែរបើករត់ លុះម្ចាស់រថយន្តឡង់គ្រីស័របើកដេញតាមស្ទាក់ពីមុខ រថយន្តដឹកសំរាមជាន់ហ្វ្រាំងមិនស៊ីបុកពីក្រោយថែមមួយតង់ទៀត

    រាជធានីភ្នំពេញ ៖ រថយន្តដឹកសំរាមក្រុមហ៊ុនស៊ិនទ្រី បើកទៅប៉ះកៀររថយន្តបណ្ដាលឲ្យខូចខាតបន្តិចបន្តួច ហើយមិនព្រមឈប់ទេ ទើបរថយន្ត LAND CRUISER ស្លាកលេខនគរបាល 2-5553 បើកតាមទៅសួរនាំ និងស្ទាក់ឃាត់ដើម្បីដោះស្រាយគ្នាសិន តែរថយន្តដឹកសំរាមជាន់ហ្វ្រាំងមិនស៊ី ក៏ជ្រុលទៅបុកពីក្រោយថែមទៀត បណ្ដាលឲ្យរងការខូចខាតផ្នែកខាងក្រោយបន្ថែម។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៩:៥០នាទីយប់ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០នេះ នៅបណ្ដោយផ្លូវលេខ២១៧ ជិតសាលាអន្តរជាតិប្រាយឡាញ ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុរៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកឡង់គ្រីស័រ (LAND CRUISER V8) ពណ៌ស ពាក់ស្លាកលេខនគរបាល 2-5553 ដោយបើកធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ក្នុងទិសដៅពីជេីងទៅត្បូង និងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្តដឹកសំរាមធុនធំមួយគ្រឿង ម៉ាកហ៊ីយ៉ានដាយ ជារបស់ក្រុមហ៊ុនស៊ិនទ្រី ពណ៌លឿង គ្មានស្លាកលេខ តែមានលេខសម្គាល់បិតជាប់ទ្វាររថយន្តលេខ(266) ដែលបើកបរដោយបុរសម្នាក់ក្នុងល្បឿនយ៉ាងលឿន ទិសដៅស្របទិសគ្នាតាមពីក្រោយរថយន្តឡង់គ្រីស័រ ។

    ប្រភពបន្តថា ខណៈពេលនោះរថយន្តដឹកសំរាមបានព្យាយាមបើកវ៉ាជែងខាងស្តាំរថយន្តឡង់គ្រីស័រ ដោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅកៀរចំផ្នែកខាងមុខចំហៀងខាងឆ្វេងរថយន្តឡង់គ្រីស័រ បណ្តាលឲ្យក្រពឹតនិងបែកចង្កៀង។ បន្ទាប់ពីបង្កឲ្យកើតជាគ្រោះថ្នាក់ចរាចរណ៍រួចមក រថយន្តដឹកសំរាមខាងលើ មិនបានឈប់ចុះមកដោះស្រាយគ្នានោះទេ បែរជាបើកបន្តដំណើរទៅមុខជាធម្មតាបន្តទៀត។

    ភ្លាមៗនោះ រថយន្តឡង់គ្រីស័រក៏ព្យាយាមបើកដេញតាមពីក្រោយនិងវ៉ាជែងទៅឈប់ស្ទាក់ពីមុខរថយន្តដឹកសំរាម ដោយរថយន្តដឹកសំរាមជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកចំពីក្រោយចំហៀងខាងឆ្វេងរថយន្តឡង់គ្រីស័រ បណ្តាលឲ្យរងការខូចខាតបន្ថែមទៀត តែមិនបង្កឲ្យមាននរណាម្នាក់រងរបួសនោះទេ។

    ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានចុះមកអន្តរាគមន៍ ដោយអោយភាគីទាំងពីរនិយាយចរចារដោះស្រាយគ្នាមួយជំហានសិនផងដែរ តែមិនត្រូវ ទើបសមត្ថកិច្ចជំនាញចរាចរណ៍ធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីរង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយ ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: