មិនមែនអំណោយទាំងអស់សុទ្ធតែជូនបាននោះទេ ទាំងនេះជាវត្ថុ ដែលហាមមិនគួរជូនក្នុងថ្ងៃចូលឆ្នាំចិន
ពិធីបុណ្យចូលឆ្នាំចិន ជាពិធីបុណ្យដ៏ពេញនិយមមួយសម្រាប់ជនជាតិចិន ក្នុងការជួបជុំបងប្អូន សាច់ញាតិ និងជូនអំណោយគ្នាទៅវិញទៅមក។ ប៉ុន្តែ យ៉ាងណាក្ដី អាស្រ័យលើប្រពៃណី និងជំនឿដ៏រឹងមាំរបស់ចិន ក្នុងនោះក៏មានអំណោយមួយចំនួនត្រូវបានហាមប្រាមមិនឲ្យជូនគ្នាផងដែរ ដោយគេជឿថា វាមានអត្ថន័យមិនល្អ មិនគួរសមនឹងជូនគ្នាឡើយ។ របស់ទាំងនោះមានដូចជា៖
១. វត្ថុមុតស្រួច (កាំបិត កន្រ្តៃ) ៖ ការជូនវត្ថុមុតស្រួច ដូចជាកាំបិត កន្ត្រៃ ជាអំណោយ ប្រៀបដូចជាអ្នកចង់ផ្ដាច់ទំនាក់ទំនង រឺសម្ព័ន្ធភាពជាមួយអ្នកទទួលយ៉ាងអញ្ចឹង។
២. របស់ទាក់ទងនឹងលេខ ៤ ៖ ជាក់ស្ដែង លេខ ៤ ត្រូវបានហាមដាច់ខាតសម្រាប់ជនជាតិចិន ព្រោះដោយសារតែសម្លេងអានលេខ៤នេះ ស្រដៀងទៅនឹងពាក្យស្លាប់ (ស៊ឺ)។
៣. ស្បែកជើង៖ ស្បែកជើងគឺជារបស់ដែលត្រូវហាមប្រាមមួយផងដែរ ក្នុងថ្ងៃចូលឆ្នាំថ្មី។ ហេតុផលគឺដោយសារ សម្លេងអានពាក្យស្បែកជើងក្នុងភាសាចិន គឺស្រដៀងទៅនឹងពាក្យថា សំណាងអាក្រក់ ឬបិសាច ( ស្យ៊ែរ )។ មួយវិញទៀត ស្បែកជើងជារបស់ដែលយើងយកទៅជាន់ក្រោមជើង ដែលប្រៀបដូចជាការមើលងាយផងដែរ។
៤. កន្សែងដៃ៖ ប្រជាជនចិន មានទម្លាប់ជូនកន្សែងដៃនៅចុងបញ្ចប់ពិធីបុណ្យសព ជាសញ្ញានៃការលា គ្នាជារៀងរហូត។
៥. នាឡិកា៖ មិនត្រឹមតែប្រជាជនចិននោះទេ នាឡិកាត្រូវបានហាមមិនឲ្យជាអំណោយជាទូទៅ ហេតុផលគឺ ការជូននាឡិកា គឺប្រៀបដូចកំណត់ពេលវេលានៃសេចក្ដីស្លាប់ទៅអ្នកទទួល។
៦. ផ្លែសារី៖ ផ្លែឈើជារបស់ល្អសម្រាប់ធ្វើជាអំណោយ លើកលែងតែផ្លែសារី ដោយសារតែពាក្យសារី អានជាភាសាចិនគឺស្រដៀងនឹងពាក្យចាកចេញ រឺបែកគ្នា។
៧. ផ្កាដែលប្រើប្រាស់ក្នុងពិធីបុណ្យសព៖ ជាទូទៅផ្កាដែលយកទៅប្រើក្នុងពិធីបុណ្យសព ដូចជាផ្កាដែលមានពណ៌ស លឿង ត្រូវបានគេហាមប្រាមធ្វើជាអំណោយ ដែលប្រៀបដូចជាសំដៅដល់គ្រោះមិនល្អ ឬពិធីបុណ្យសពអ៊ីចឹងដែរ។
៨. ឆ័ត្រ៖ ដោយសារពាក្យ ឆ័ត្រ គឺសំនៀងដូចទៅនឹង ពាក្យបែកគ្នា ក្នុងភាសាចិន។ ការជូនឆ័ត្រទៅអ្នកណាម្នាក់ ប្រៀបដូចជាបង្ហាញអារម្មណ៍ថាអ្នកចង់បញ្ចប់ទំនាក់ទំនងដូច្នោះដែរ។
៩. របស់ដែលមានពណ៌ស រឺខ្មៅ៖ ដោយសារតែពណ៌ទាំង ២ នេះ គឺជាពណ៌ប្រើប្រាស់ក្នុងបុណ្យសព។
១០. កញ្ចក់៖ កញ្ចក់ជាអំណោយត្រូវហាមឃាត់ក្នុងតំបន់អាស៊ី ដោយគេមានជំនឿថា វាគឺជារបស់ដែលទាក់ទាញវិញ្ញាណព្រាយបិសាច។ មួយវិញទៀត កញ្ចក់ជារបស់ដែលឆាប់ប្រេះបែក ដែលចាត់ទុកជាប្រថ្នូលមិនល្អ៕
ប្រភព៖ chinahighlight

