រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងឲ្យប្រជាពលរដ្ឋទុកដាក់សំរាមឲ្យបានត្រឹមត្រូវ អំឡុងពិធីបុណ្យភ្ជុំបិណ្ឌ
ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងអំពីសេចក្ដីជូនដំណឹងស្ដីពី ការទុកដាក់សំរាមក្នុងឱកាសថ្ងៃឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌ ដោយមានកិត្តិយសជម្រាបជូនដំណឹងដល់ម្ចាស់លំនៅឋាន ម្ចាស់អាជីវកម្ម សេវាកម្ម និងបងប្អូនទាំងអស់នៅក្នុងរាជធានីភ្នំពេញឲ្យជ្រាបថា ក្នុងឱកាសឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌចំនួន ០៣ថ្ងៃ ចាប់ពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ ។

បុគ្គលិកក្រុមហ៊ុនស៊ីនទ្រីមួយចំនួនត្រូវបានឈប់សម្រាកពីការងារ ហេតុដូច្នេះការផ្ដល់សេវាកម្មសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម សំណង់រឹង ក្នុងរាជធានីភ្នំពេញ មានភាពរអាក់រអួលមិនបានពេញលេញដូចថ្ងៃធម្មតានោះទេ។ ដូចនេះ សូមអំពាវនាវដល់បងប្អូនប្រជាជនម្ចាស់លំនៅឋាន ម្ចាស់អាជីវកម្ម សេវាកម្ម ដែលនៅក្នុងរាជធានីភ្នំពេញ នៅអំឡុងពេលឈប់សម្រាកនេះ សូមរក្សានឹងទុកដាក់នៅសំរាមរបស់ខ្លួនឲ្យបានត្រឹមត្រូវ នៅទីតាំងរៀងៗខ្លួន ជាបណ្ដោះអាសន្នសិន។
រដ្ឋាភិបាលរាជធានីភ្នំពេញសង្ឃឹមជឿជាក់ថា ម្ចាស់លំនៅឋាន ម្ចាស់អាជីវកម្ម សេវាកម្ម និងបងប្អូន ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញទាំងអស់នឹងចូលរួមចំណែករក្សាអនាម័យបរិស្ថានរាជធានីភ្នំពេញយើងឲ្យបានល្អប្រសើរជាមិនខាន ៕

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ