បុរស២នាក់ជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន អកហ្សឺ ចាប់ហ្វ្រាំងមិនទាន់ជ្រុលបុកផ្ទប់កន្ទុយរថយន្តសណ្ដោង បណ្ដាលឲ្យបុរសជិះពីក្រោយជាជនពិការផ្លោងចូលក្រោមរថយន្តកិនអូសប្រហែល១០០ម៉ែត្រស្លាប់យ៉ាងអាណោចអាធ័ម
ភ្នំពេញ៖ យ៉ាងហោចណាស់ អ្នកបើកម៉ូតូរបួសធ្ងន់ និងបុរសជនពិការម្នាក់ទៀតជិះពីក្រោយបានផ្លោងចូលក្រោមរថយន្តកិនអូសប្រហែល ១០០ម៉ែត្រស្លាប់យ៉ាងអាណោចអាធ័ម ខណៈពេលជិះម៉ូតូ ឌុបគ្នាក្នុងល្បឿនលឿន អកហ្សឺ ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកផ្ទប់ចំពីចំហៀងខាងឆ្វេងដែកកន្ទុយរថយន្តសណ្ដោងធុនធំ ពាក់ស្លាកលេខ (ខម របស់កងពលតូចដឹកជញ្ជូនលេខ៩០) ដែលកំពុងបត់កាត់ទទឹងផ្លូវ មិនបានប្រយ័ត្ន។

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើង កាលពីវេលាម៉ោង០១:១៥នាទីយប់រំលងអធ្រាត្រ ចូលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០នេះ នៅចំណុចមុខប៉ុស្តិ៍យាមប្រចាំការ ច្រមុះជ្រូកក្បាលថ្នល់ ផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ព្រំប្រទល់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តធុនធំមួយគ្រឿង ប្រភេទសណ្ដោង (ដឹកគ្រឿងចក្រ) ពាក់ស្លាកលេខ “ខម” 2-2631 បិទស្លាកសញ្ញារបស់ “កងពលតូចដឹកជញ្ជូនលេខ៩០” បើកបរដោយមនុស្សមិនស្គាល់អត្តសញ្ញាណ បានបើកបរតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ទិសដៅពីត្បូងជើង លុះពេលបត់កាត់ទទឹងផ្លូវ ស្រាប់ត្រូវបុរស ២នាក់ជិះម៉ូតូ មួយគ្រឿង ម៉ាក Suzuki VIVA ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BS-7527 ជិះឌុបគ្នា ២នាក់ តាមបណ្ដោយផ្លូវព្រះមុនីវង្សក្នុងល្បឿនលឿន ពីបឹងត្របែកទៅច្បារអំពៅ អកហ្សឺ ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកផ្ទប់ចំដែកកន្ទុយសណ្ដោងផ្នែកខាងឆ្វេងពេញទំហឹងបណ្ដាលឲ្យអ្នកជិះពីក្រោយ (ជាជនពិការជើងខាងឆ្វេង) ហោះផ្លោងចូលក្រោមកង់រថយន្ត នៅច្រមុះជ្រូកក្បាលថ្នល់ ផ្លូវព្រះមុនីវង្ស សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ត្រូវរថយន្តបើកអូសនឹងថ្នល់ជាង ១០០ម៉ែត្រ ទើបខ្ទាតមនុស្សចេញមកវិញដេកស្លាប់ផ្កាប់មុខក្នុងថ្លុកឈាម ចំណែកអ្នកបើកម៉ូតូរងរបួសធ្ងន់ខ្លួនប្រាណដៃជើងសុទ្ធតែឈាម ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ រថយន្តមិនព្រមឈប់ទេ បានបន្តដំណើរទៅមុខប្រហែល ៣០០ម៉ែត្រ ទៀត ទើបឈប់អែបចិញ្ចើមផ្លូវ គេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ក៏បានទាក់ទងទៅខាងជំនាញចុះមកវាស់វែងយករថយន្តទៅរក្សាទុកនៅ អធិការដ្ឋាននគរបាល ក្រុងតាខ្មៅ រង់ចាំដោះស្រាយតាមនិតិវិធីច្បាប់ ៕








ប្រភព & អត្ថបទ៖ បងម៉េង ខ្មែរណូត