ម្ស៉ៅទឹកដោះគោ Nutrilatt ដែលមានលេខកូដហាមឃាត់ ធ្វើឲ្យប៉ះពាល់ដល់សុខភាពកុមារ ចំនួនជាង៧០កំប៉ុងត្រូវសមត្ថកិច្ចរកឃើញនៅក្រុងកំពត
(ខេត្តកំពត-កែប)៖ នៅថ្ងៃពុធ ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ នេះ មន្ត្រីសាខា ក.ប.ប. ខេត្តកំពត-កែប ដោយទទួលបានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះត្រួតពិនិត្យគុណភាពផលិតផល និងត្រួតពិនិត្យផលិតផលម្សៅទឹកដោះគោ តាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម លេខ ២៧៣៣ ពណ. អ.កបប ចុះថ្ងៃ០៣ ខែកញ្ញា ២០២០ ស្តីពីការដាក់ចេញនូវវិធានការចំពោះផលិតផលម្សៅទឹកដោះគោសម្រាប់ចិញ្ចឹមទារក និងកុមារ ម៉ាកនូទ្រីលែត (Nutrilatt) ដែលមានលេខកូជ ៤៨៧, ៤៨៨, ៥៣៦, ៥៣៧, ៥៣៨, ៥៣៩ នៅតាមបណ្តាផ្សារ ម៉ាត និងផ្ទះលក់ទំនិញ ក្នុងក្រុងកំពត ខេត្តកំពត។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារ។ ជាពិសេស មន្ត្រីសាខា ក.ប.ប. បានផ្សព្វផ្សាយអនុក្រឹត្យលេខ ១៣៣ ស្តីអំពីផលិតផលចិញ្ចឹមទារក និងកុមារ លើសម្បកវេចខ្ចប់ម្សៅទឹកដោះគោផងដែរ។
* ជាលទ្ធផលមន្រ្តីជំនាញ បានរកឃើញម្សៅទឹកដោះគោនូទ្រីលែត (Nutrilatt) កូជលេខ ៥៣៧,៥៣៩ សរុបចំនួន ៧៩កំប៉ុង ត្រូវបានមន្រ្តីជំនាញធ្វើការដកហូតបញ្ជូនមកអគ្គនាយកដ្ឋាន។ ដោយឡែក ម្សៅទឹកដោះគោនូទ្រីលែត (Nutrilatt) ដែលមិនស្ថិតក្នុងលេខកូជខាងលើ ចំនួនសរុប ៧៦កំប៉ុង មន្រ្តីជំនាញបានធ្វើកំណត់ហេតុបញ្ឈប់ការដាក់តាំងលក់បណ្តោះអាសន្ន។
ចំពោះម្សៅទឹកដោះគោផ្សេងទៀត មន្រ្តីជំនាញសង្កេតឃើញភាគច្រើនបានបិទព័ត៌មានបន្ថែមជាភាសាខ្មែរលើសម្បកវេចខ្ចប់ ស្របតាមខ្លឹមសារនៃអនុក្រឹត្យលេខ១៣៣។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF