បុរសម្នាក់ចេញពីផឹកស៊ីផ្ទះមិត្តភ័ក្តិវិញ បើករថយន្តRav4 យ៉ាងលឿនដូចហោះ ទៅបុករថយន្តសាំយ៉ុងដែលដឹកផ្លែឈើ ធ្វើឲ្យក្រឡាប់ផ្ញារជើង បណ្ដាលឲ្យមានអ្នករបួសធ្ងន់ស្រាល៨នាក់
រាជធានីភ្នំពេញ៖ បុរសម្នាក់ទើបចេញពីផឹក បើករថយន្ត Rav4 យ៉ាងលឿនដូចហោះ ទៅបុករថយន្តសាំយ៉ុង បណ្ដាលឲ្យក្រឡាប់ផ្ងារជើង ខ្ទាតរាយបាយ ផ្លែឈើ ពេញផ្លូវ និងបណ្ដាលឲ្យមនុស្ស ៣នាក់រងរបួសធ្ងន់ និង៥នាក់ទៀតរងរបួសស្រាល ចំណែករថយន្ត Rav4 ឆេះហុយផ្សែង ទ្រលោម ត្រូវបានប្រជាពលរដ្ឋយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់បានទាន់ពេល កាលពីវេលាម៉ោង០៣:០០នាទីទាបភ្លឺ ឈានចូលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ នៅចំណុចមុខសាលាបឋមសិក្សាទឹកល្អក់ លើផ្លូវ២៥៣ កែងផ្លូវលេខ២០២ ស្ថិតក្នុងសង្កាត់ ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគាត់បានឃើញរថយន្ត ម៉ាកសាំយ៉ុង ពណ៌សពាក់ស្លាកលេខកំពត 2B-0808 រួមដំណើរគ្នា៨នាក់ ទើបត្រលប់មកពីទិញផ្លែឈើនៅផ្សារនាគមាសវិញ បំណងយកទៅលក់នៅតាមផ្សារនិងមុខរោងចក្រនៅក្នុងខេត្តកំពង់ស្ពឺ ដោយបើកបរតាមបណ្តោយផ្លូវលេខ២៥៣ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ល្មមខណៈមកដល់ចំណុចកើតហេតុដែលជាផ្លូវ បំបែកជា២ទល់មុខក្លោងទ្វារ សាលាបឋមសិក្សាទឹកល្អក់ស្រាប់តែឃើញ រថយន្តមួយគ្រឿង ម៉ាកតូយ៉ូតា RAV4 ពណ៌ទឹកប្រាក់ ពាក់ស្លាកភ្នំពេញ 2BC-3977 បើកបរដោយបុរសម្នាក់ ដែលទើបចេញពីផឹកស៊ីនៅផ្ទះមិត្តផ្ទះវិញ បានធ្វើដំណើរតាមផ្លូវលេខ២០២ ក្នុងទិសដៅពីកើតទៅលិចបានជ្រុលទៅបុករថយន្តសាំ យ៉ុងពេញទំហឹង បណ្តាលឲ្យរថយន្តសាំយ៉ុង ក្រឡាប់ផ្ងារជើង និងរងរបួសធ្ងន់ ៣នាក់ (អ្នកបើកបរម្នាក់) និង៥នាក់ទៀតរងរបួសស្រាលប៉ុណ្ណោះ ចំណែកអ្នកបើកបររថយន្តបង្ករងរបួសម្នាក់ខាងឆ្វេង ហើយរថយន្តបង្កបានឆ្លងចរន្តឆេះហុយផ្សែងទ្រលោមតែត្រូវបានបងប្អូន ប្រជាពលរដ្ឋជួយយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់បានទាន់ពេល និងខ្ទាតរាយបាយ ផ្លែឈើពេញផ្លូវ ត្រូវបានម្ចាស់ហៅរថយន្តផ្សេងមកសាង ផ្លែឈើមួយចំនួនដែលនៅសេសសល់ ដើម្បីយកទៅលក់បន្ត។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ទឹកល្អក់ទី២ សហការជាមួយកម្លាំងនគរបាលចរារណ៍ ខណ្ឌទួលគោក បានចុះមកដល់កន្លែងកើតហេតុ ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍មកវាស់វែងយករថយន្តទាំង២ គ្រឿងនេះទៅរក្សាទុកនៅនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕











ប្រភព & អត្ថបទ៖ បងម៉េង ខ្មែរណូត