ក្របួចបានជនសង្ស័យ៥នាក់ ខណៈកំពុងឆ្កឹះសោរផ្ទះប្រជាពលរដ្ឋលួចទ្រព្យសម្បត្តិ ក្នុងបុរីឡាយគង់
ភ្នំពេញ៖ ជនសង្ស័យចំនួន៥នាក់ ត្រូវបាន កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ នគរបាលរដ្ឋបាលដង្កោ ដឹកនាំដោយលោក តន់ តូនី នាយនគរបាលប៉ុស្តិ៍ បានសហការជាមួយកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ក្រោមការដឹកនាំនិងបញ្ជារផ្ទាល់ពីសំណាក់ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ ល្បាតក្នុងភូមិសាស្ត្រធ្វើការចាប់ឃាត់ខ្លួន ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស (គាស់សោរផ្ទះលួចយកទ្រព្យសម្បត្តិ)។
ការចាប់ខ្លួននេះ បានធ្វើឡើងកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០២និង៣០នាទី ត្រង់ចំណុចបុរីឡាយគង់ ផ្លូវលេខ៣ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានឲ្យដឹងថា ជនសង្ស័យ០៥នាក់ ដែលឃាត់ខ្លួនបានរួមមាន៖
+ ទី១-ឈ្មោះ ម៉ិញ សំណាង ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់កង់បីឥណ្ឌា ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
+ ទី២-ឈ្មោះ សេង ជីវ័ន្ត ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
+ ទី៣-ឈ្មោះ យឿន យ៉ាវ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ
+ ទី៤-ឈ្មោះ យឿន ពៅ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ
+ ទី៥-ឈ្មោះ ខែក សុភារ៉ា ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ ម៉ូតូកង់បីឥណ្ឌា ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្នុងនោះវត្ថុតាងចាប់យកបានរួមមាន៖ ១/ម៉ូតូកង់បីឥណ្ឌា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GS-3459 មានលេខម៉ាស៊ីន AN101133 ចំនួន០១គ្រឿង, ២/ម៉ូតូកង់បីឥណ្ឌា ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1HU-1437 មានលេខម៉ាស៊ីន AZZWJG 17447 ចំនួន ០១គ្រឿង, ៣/ម៉ូតូម៉ាកវ៉េវ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1IA-8481 មានលេខ ម៉ាស៊ីន 0025439 ចំនួន០១គ្រឿង, ៤/ទូរស័ព្ទដៃចំនួន០៣គ្រឿង (ម៉ាកIphone5s ពណ៌ទឹកមាសចំនួន ០១គ្រឿង, ម៉ាក Skyview ពណ៌ទឹកមាសចំនួន ០១គ្រឿង, ម៉ាក le-tide ពណ៌ខ្មៅចំនួន០១គ្រឿង) ។
មុននឹងឈានដល់ការចាប់ខ្លួនបានជនសង្ស័យខាងលើ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ នគរបាលរដ្ឋបាលដង្កោ ដឹកនាំដោយលោក តន់ តូនី នាយនគរបាលប៉ុស្តិ៍ដង្កោ បានសហការជាមួយកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោក្រោមការដឹកនាំនិងបញ្ជារផ្ទាល់ពីសំណាក់ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ ជិះម៉ូតូ ល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចបុរីឡាយគង់ ផ្លូវលេខ៣ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ពេលនោះកម្លាំងសមត្ថកិច្ចបានឃើញជនសង្ស័យមួយក្រុមកំពុងធ្វើសកម្មភាពលួចឆ្កឹះសោរផ្ទះរបស់ប្រជាពលរដ្ឋ ស្ថិតនៅបុរីឡាយគង់ខាងលើ ហើយកម្លាំងសមត្ថកិច្ចក៏បានធ្វើការឡោមព័ន្ធឃាត់ខ្លួនជនសង្ស័យ បានជាបន្តបន្ទាប់ចំនួន ០៥នាក់ រួមនិងវត្ថុតាង ដូចបានរៀបរាប់ខាងលើ យកមកធ្វើការ សាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោតាមនីតិវីធីច្បាប់។
ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយ សារភាពប្រាប់សមត្ថកិច្ចថា ពួកគេ (ជនសង្ស័យ) ពិតជាបាននាំគ្នាធ្វើសកម្មភាពគាស់ផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីលួចយកទ្រព្យសម្បត្តិ ប្រាកដមែន ហើយកន្លងមកពួកគេ (ជនសង្ស័យ) ក៏ធ្លាប់បានធ្វើសកម្មភាពលួច គាស់ បង្អួចផ្ទះ និងឆ្កឹះសោរទ្វារផ្ទះរបស់ប្រជាពលរដ្ឋលួចយកទ្រព្យសម្បត្តិ ជាច្រើនលើកទៀតផង យកទៅលក់បាន លុយទិញថ្នាំញៀនជក់ និងផឹកស៊ីជាមួយបក្ខពួក។ បច្ចុប្បន្នជនសង្ស័យទាំង ៥នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ នៅប៉ុស្តិ៍ដង្កោ រួចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់បន្តទៀត៕


ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ