កន្លែងដែលធ្លាប់តែមានអ្នកលក់ដូរ និងបែកភក់នា រដូវវស្សានៅបរិវេណមុខប្រាសាទអង្គរវត្ត ឥឡូវបានប្រែក្លាយទៅជាមានសណ្តាប់ធ្នាប់ និងបៃតងជាបណ្តើរៗហើយ
សៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅព្រឹកថ្ងៃទី១១ ខែកញ្ញានេះថា កាលពីមុននៅបរិវេណមុខប្រាសាទអង្គរវត្តនេះ មានអ្នកលក់ដូរ មានរថយន្ត ចតពេលរដូវស្សាបែកភក់រញ៉េរញ៉ៃធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់។ ប៉ុន្តែបន្ទាប់ពី អាជ្ញាធរជាតិអប្សរាចាប់ផ្តើមអនុវត្តគម្រោងកែប្រែតំបន់នេះ រៀបចំឱ្យក្លាយជាផ្លូវថ្មើជើង សួនឈើប្រណីតដើមផ្កាព្រៃ និងរុក្ខជាតិលម្អដែលមានក្លិនពិដោរ ក្រអូបៗផងនោះពេលនេះ កន្លែងទាំងនេះបានកែប្រែទៅជាភាពស្រស់បំព្រង មានពណ៌បៃតង បរិយាកាសល្អ និងសណ្តាប់ធ្នាប់កាន់តែប្រសើរឡើងជាបន្តបន្ទាប់ហើយ និងនៅចុងឆ្នាំ២០២០នេះ កន្លែងនេះនឹងមានភាពស្រស់បំព្រង មានពណ៌បៃតងទាំងអស់។

លោកបានបន្តថា បច្ចុប្បន្ននេះក្រុមការងារកំពុងតែរៀបចំដាំស្មៅ និងផ្កាអមសង ខាងផ្លូវចូលទៅអង្គរ ដែលបានបង្ហាញពីភាពស្រស់ស្អាត និងមានភាពទាក់ទាញ់ជាបណ្តើរៗ ហើយ។ ជាមួយគ្នានេះ បន្ទាប់ពីតូបលក់ដូរនៅ ជុំវិញត្រពាំងសេះ ត្រូវបានរុះរើចេញអស់ អាជ្ញាធរអប្សរាក៏កំពុងតែរៀបចំកែប្រែតំបន់ជុំវិញ ត្រពាំងសេះនេះ ឱ្យក្លាយទៅជា តំបន់ដែលមានភាពទាក់ទាញ់ និងជាកន្លែងដែល អាចទស្សនាប្រាសាទអង្គរ ពីចំម្ងាយអមជា មួយភាពបៃតង ដែលអ្នកទស្សនា និងកាន់តែប្លែក។
លោកបានបន្តថា ចំពោះអ្នកលក់ដូរទាំងអស់ទាំងនៅមុខបរិវេណប្រាសាទអង្គរ និងនៅ ជុំត្រពាំងសេះ ដែលបានស្ម័គ្រចិត្តរើចេញដោយខ្លួនឯងនោះ គឺអាជ្ញាធរជាតិអប្សរាបានរៀបចំ ឱ្យពួកចូលលក់នៅក្នុងទីលានបដិសណ្ឋាកិច្ច ដែលមានកន្លែងស្អាត អនាម័យ និងបរិស្ថានល្អ។ លោក ឡុង កុសល បានបញ្ជាក់ថា បន្ទាប់ពីគម្រោងនេះអនុវត្តន៍ចប់ទាំង បរិវេណនៅមុខអង្គរ និងនៅក្នុងបរិវេណអង្គរ និងមានភាពបៃតងគ្រប់រដូវកាល ទាំងប្រាំង និងវស្សា ៕


ប្រភព៖ ក្រសួងព័ត៌មាន