ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រកឃើញបាញ់ឌុក និងលតអង្ករមានផ្ទុកសារធាតុគីមីបូរ៉ាក់ នៅផ្សារធំថ្មី

    BY Khmernote Media September 12, 2020
    រកឃើញបាញ់ឌុក និងលតអង្ករមានផ្ទុកសារធាតុគីមីបូរ៉ាក់ នៅផ្សារធំថ្មី

    (រាជធានីភ្នំពេញ)៖ នៅថ្ងៃសុក្រ ៩រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ក្រុមការងារចំពោះកិច្ច ក.ប.ប. ប្រចាំខណ្ឌដូនពេញ ដោយមានការសហការជាមន្រ្តីមន្ទីរពាណិជ្ជកម្មរាជធានី និងគណៈកម្មផ្សារ បានបន្តចុះត្រួតពិនិត្យផលិតផលវេចខ្ចប់ និង ទំនិញដែលជាគ្រឿងឧបភោគ បរិភោគ និងសាដក នៅផ្សារធំថ្មី ក្នុងរាជធានីភ្នំពេញ។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ។

    ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើតេស្តបឋមទៅលើម្ហូបអាហារចំនួន ៣២ គំរូ ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ជាមួយគ្នានោះ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។

    ជាលទ្ធផលមន្រ្តីជំនាញបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់បូរ៉ាក់នៅក្នុង បាញ់ឌុក និងលតអង្ករ។ បន្ទាប់មកមន្រ្តីជំនាញបានធ្វើកំណត់ហេតុដកហូតម្ហូបអាហារទាំងនោះ មករក្សាទុកដើម្បីដុតកម្ទេចចោលនាពេលក្រោយតាមនីតិវិធី។

    ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

    Share This Post: