ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បើហូបចូលទៅមិនដឹងប៉ះពាល់អ្វីខ្លះទេ! រកឃើញបង្គាមានចាក់ចាហួយជិត ៣០គីឡូក្រាម នៅខេត្តកំពង់ធំ

    BY Khmernote Media September 12, 2020
    បើហូបចូលទៅមិនដឹងប៉ះពាល់អ្វីខ្លះទេ! រកឃើញបង្គាមានចាក់ចាហួយជិត ៣០គីឡូក្រាម នៅខេត្តកំពង់ធំ

    ខេត្តកំពង់ធំ៖ នៅថ្ងៃសៅរ៍ ១០រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ មន្ត្រីសាខា ក.ប.ប. ខេត្តកំពង់ធំ ដោយមានការសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរមូលដ្ឋាន បានបន្តចុះត្រួតពិនិត្យម្ហូបអាហារ នៅផ្សារថ្នល់បែក ស្រុកស្ទឹងសែន ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ក្នុងសកម្មភាពត្រួតពិនិត្យ មន្ត្រីជំនាញបានធ្វើការវិភាគបឋមរកសារធាតុគីមីហាមឃាត់នៅលើគ្រឿងសមុទ្រចំនួន ២ ស្តង់ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។

    ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញបង្គាដែលមានផ្ទុកសារធាតុស្រដៀងចាហួយចំនួន ២៨ គីឡូក្រាម។ បន្ទាប់មកមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតបង្គាទាំងនោះ ដើម្បីយកទៅដុតកម្ទេចចោលតាមនីតិវិធី។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

    ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

    Share This Post: