រន្ធត់ណាស់! ជិះម៉ូតូសុខៗ ត្រូវរថយន្តធុនធំមកបុកពីក្រោយ ហើយកិនអូសជិត១០០ម៉ែត្រ បណ្តាលឲ្យស្លាប់ភ្លាមៗ កាន់តែហួសចិត្តនោះ មានជនឆ្លៀតឱកាសបន្លំធ្វើជាជួយលើកម៉ូតូ រួចជិះទៅបាត់ថែមទៀត
រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ទៀតហើយ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗកណ្ដាលផ្លូវ បន្ទាប់ពីជិះម៉ូតូតាមផ្លូវតែម្នាក់ឯង បែរជាត្រូវរថយន្តធុនធំមិនចាំស្លាកលេខ បើកលឿនទៅបុកពីក្រោយ ដួលខ្ទាតចូលក្រោមកង់រថយន្តកិនអូសជិត១០០ម៉ែត្រ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែករថយន្តបង្កបានបន្ថែមល្បឿនគេចបាត់ស្រមោល អ្វីដែលហួសចិត្តនោះគឺមានជនឆ្លៀតឱកាសមកបន្លំធ្វើជាជួយតែលើកយកម៉ូតូជិះទៅបាត់ថែមទៀត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីម៉ោង០០:៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២០នេះ នៅត្រង់ចំណុចផ្លូវលេខ៣៦៩(ផ្លូវមាត់ទន្លេ) កែងផ្លូវ៦៤០ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ជនរងគ្រោះមានឈ្មោះ កែវ ពុធ អាយុ៣៥ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ឲ្យក្រុមការងារខ្មែរណូតដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះជិះម៉ូតូមួយគ្រឿង ម៉ាកគុបជ្រុង(មិនចាំស្លាកលេខ) តែម្នាក់ឯង ធ្វើដំណើរតាមផ្លូវលេខ៣៦៩ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយឺតៗ លុះមកដល់កន្លែងកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿង ប្រភេទរថយន្តដឹកទំនិញ(មិនចាំស្លាកលេខទេ) បានបើកបោះពួយក្នុងល្បឿនយ៉ាងលឿន ស្របទិសគ្នាមកបុកម៉ូតូរបស់បុរសរងគ្រោះពីក្រោយ បណ្ដាលឲ្យដួលខ្ទាតចូលក្រោមកង់រថយន្តកិនអូសនឹងថ្នល់ជិត១០០ម៉ែត្រ បណ្ដាលឲ្យសភាពដងខ្លួនជនរងគ្រោះរមួលរលាត់ស្បែកដេកស្ដូកស្ដឹងក្នុងថ្លុកឈាម កណ្ដាលផ្លូវ ចំណែករថយន្តបង្កឃើញសភាពមិនស្រួលបានបន្ថែមល្បឿនបើកគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកដំណើរ និងប្រជាពលដ្ឋនៅជិតៗនោះ នាំគ្នាចេញមកជួយមើល និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន និងទាក់ទងហៅរថយន្តសង្គ្រោះមកកន្លែងកើតហេតុផងដែរ អ្វីដែលហួសចិត្តនោះគឺមានជនឆ្លៀតឱកាសមកបន្លំធ្វើជាជួយ តែបែរជាលើកយកម៉ូតូជនរងគ្រោះជិះទៅបាត់ថែមទៀតផង ។
ជាមួយគ្នានេះដែរក្រុមគ្រួសារជនរងគ្រោះក៏បានស្នើសុំឲ្យសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ មេត្តាស្រាវជ្រាវ ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តមិនចាំស្លាកលេខនេះ ដែលបើកបុកប្ដីរបស់ខ្លួនបណ្ដាលឲ្យស្លាប់ ហើយបើករត់គេចខ្លួនបាត់នោះផង មិនតែប៉ុណ្ណោះម៉ូតូគុបជ្រុងមួយគ្រឿង ពណ៌ទឹកប៊ិច មិនចាំស្លាកលេខ របស់ជនរងគ្រោះក៏ត្រូវបានជនសង្ស័យឆ្លៀតឱកាស លួចជិះចេញទៅបាត់ថែមទៀតផង ។

បច្ចុប្បន្នសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ច្បារអំពៅទី១ សហការជាមួយផ្នែកចរាចរណ៍ខណ្ឌច្បារអំពៅ បានធ្វើការសាកសួររកសាក្សីដែលឃើញហេតុការណ៍ ដើម្បីបញ្ជាក់ភិនភាគមួយជំហានសិន តែដោយសារតែយប់ជ្រៅហើយ ពុំមានអ្នកណាចេញមកឃើញទាន់ទេ ព្រោះរថយន្តបង្កបានបន្ថែមល្បឿនគេចខ្លួនបាត់ទៅ ទើបរងចាំព្រឹកឡើង ខាងជំនាញនិងសហការជាមួយព្រហ្មទណ្ឌខណ្ឌ ចុះធ្វើការស្រាវជ្រាវតាមរយៈកាមេរ៉ាសុវត្ថិភាព ដែលមាននៅតាមផ្ទះសងខាងផ្លូវ ដើម្បីឈានដល់ការកំណត់មុខសញ្ញាជនល្មើសដែលលួចម៉ូតូជនរងគ្រោះជិះចេញទៅ និងរថយន្តបង្កគ្រោះថ្នាក់បណ្ដាលឲ្យមានមនុស្សស្លាប់ ហើយមិនទទួលសុខត្រូវនោះ យកមកចាត់ការតាមផ្លូវច្បាប់អោយខានតែបាន ។
ចំណែកសពជនរងគ្រោះ សមត្ថកិច្ចក៏បានធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារយកទៅតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅវត្តឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
មជ្ឈដ្ឋានប្រជាពលរដ្ឋទូទៅបានសម្ដែងការមានការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះទង្វើរបស់អ្នកបើកបរមួយចំនួន ដែលបង្កគ្រោះថ្នាក់ហើយបើករត់គេចចេញពីកន្លែងកើតហេតុនេះ រហូតពេលដេញឃាត់បានម្ដងៗ ទើបធ្វើអោយមហាជនពិបាកទប់កំហឹង ៕

អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត