មានករណីព្រះសង្ឃជិត៥០អង្គ ក្តៅខ្លួន (>៣៧,៥) ក្អក ហៀរសំបោរ រយៈពេល៦ថ្ងៃនៅខេត្តបាត់ដំបង
យោងតាមការបញ្ជាក់ពី មន្ទីរសុខាភិបាលខេត្តបាត់ដំបង បានឲ្យដឹងថា មានករណីក្តៅខ្លួន(>៣៧,៥) ក្អក ហៀរសំបោរ រយៈពេល៦ថ្ងៃហើយ កើតមានចំពោះព្រះសង្ឃចំនួន ៤៦អង្គ មានព្រះជន្មពី១១-១៩ព្រះវស្សា គង់នៅវត្តស្វាយដង្គំ ស្រុកឯកភ្នំ ដែលនិមន្តមកពីតាមខេត្តនានា ដើម្បីសិក្សានៅសាលាពុទ្ធិកបឋមសិក្សា ក្នុងវត្តនេះ ហេីយទទួលការព្យាបាលបានធូរស្រាលខ្លះៗហើយ។

បន្ទាប់ពីទទួលបានព័ត៌មាន និការណែនាំរបស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង នៅវេលាម៉ោងជាង ១៩ យប់នេះក្រុមការងារ RRT មន្ទីរសុខាភិបាលខេត្តដឹកនាំដោយលោកវេជ្ជបណ្ឌិត អ៊ុក វិទ្យា អនុប្រធានមន្ទីរ លោកប្រធានស្រុកប្រតិបត្តិសង្កែ និងសហការី បានចុះពិនិត្យ និងយកសំណាកចំនួន ២១អង្គ ចំពោះព្រះសង្ឃដែលនៅមានកម្តៅ ហើយថ្ងៃស្អែក ក្រុមការងារនឹងបន្តចុះយកសំណាកទៀត។
ក្រុមការងារបានណែនាំ លោកអាចារ្យ គណៈគ្រប់គ្រងសាលាពុទ្ធិកៈ ឱ្យចេះអនុវត្តនូវវិធានអនាម័យការពារខ្លួន ពាក់ម៉ាស់ ឆាន់ទឹកក្តៅ។ ការកំណត់ស្ថានភាពរួមជាបឋមមិនមានភាពធ្ងន់ធ្ងរទេ ប៉ុន្តែយើងត្រូវបន្តតាមដានដោយយកចិត្តទុកដាក់ជាបន្តទៀត ហេីយបេសកកម្មត្រូវបានបញ្ចប់នៅម៉ោង ២៣៕

ប្រភព៖ មន្ទីរសុខាភិបាលខេត្តបាត់ដំបង