ខ្លោចចិត្ត! ជិះម៉ូតូម្នាក់ឯងសុខៗ ត្រូវរថយន្តពាក់ស្លាកលេខ (ខម) បើកវ៉ាស្តាំមិនប្រយ័ត្ន ទៅបុកម៉ូតូពីក្រោយពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់បាត់បង់ជីវិតភ្លាមៗ (មានវីដេអូ)
ភ្នំពេញ៖ ស្ត្រីម្នាក់បានស្លាប់ចោលប្ដីយ៉ាងអាណោចអាធ័ម បន្ទាប់ពីជិះម៉ូតូធូដេមួយគ្រឿងតាមផ្លូវតែឯង ស្រាប់តែត្រូវរថយន្ត PAJERO ពាក់ស្លាកលេខ(ខម) បើកវ៉ាស្ដាំជែងខ្វះការប្រុងប្រយ័ត្ន ទៅបុកពីក្រោយម៉ូតូខ្ទាតប៉ើងបោកនឹងថ្នល់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង០៧:១០នាទីយប់ ថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២០នេះ នៅតាមផ្លូវបេតុងលេខ៥០ម៉ែត្រ ត្រង់ចំណុចមុខអាហារដ្ឋាន៨៨៨៨ ស្ថិតក្នុងភូមិព្រែកប្រណាក់ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ប្រភព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនកើតហេតុ គេឃើញស្ត្រីរងគ្រោះជិះម៉ូតូតែម្នាក់ឯង ធ្វើដំណើរតាមផ្លូវ៥០ម៉ែត្រ ពីលិចទៅកើត ក្នុងល្បឿនលឿនល្មម លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តបង្កបើកបរតាមវណ្ដោយផ្លូវ៥០ម៉ែត្រ ស្របទិសគ្នាមកពីក្រោយក្នុងល្បឿនយ៉ាងលឿន បានវ៉ាស្ដាំជែងរថយន្តមិនចាំម៉ាក ក៏ជ្រុលទៅបុកពីក្រោយម៉ូតូរបស់ស្ត្រីរងគ្រោះពេញទំហឹង បណ្ដាលឲ្យស្ត្រីរងគ្រោះបោងបោកនឹងថ្នល់ ស្លាប់ភ្លាមមួយរំពេច ចំណែកឯម៉ូតូបាក់ជាបីកំណាត់ខ្ទេចខ្ទីខូចខាតយ៉ាងដំណំ ។
សមត្តកិច្ចបានឲ្យដឹងថា ភាគីរថយន្តម៉ាក PAJERO SPORT ពណ៌ត្រេអ៉ី ពាក់ស្លាកលេខខេមរភូមិន្ទ2 2-6327 ត្រូវបានសមត្តកិច្ច ឃាត់ខ្លួនម្ចាស់រថយន្តបានគឺមានឈ្មោះ សុខ សាន្ត ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ១០ ផ្លូវលេខ៣៨៦ សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ចំណែកអ្នកបើកមានឈ្មោះ វណ្ណ បូរ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅក្នុងបុរីប៉េងហួតជ្រោយចង្វារ (បានរត់គេចខ្លួនបាត់) ។
សមត្តកិច្ចបានបន្តទៀតថា ភាគីម៉ូតូម៉ាក HONDA TODAY ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HZ-2363 បើកបរដោយឈ្មោះ សឿង សុវ៉ាត ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិអន្លូងឈើខ្លាង ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល (ស្លាប់)នៅកន្លែងកើតហេតុ។
បច្ចុប្បន្នចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះសមត្តកិច្ចនគរបាលចរាចរណ៍ខណ្ឌដង្កោ បានប្រគល់ទៅឲ្យការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ការបន្ត ។ ចំណែកសពត្រូវបានសមត្តកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅដឹកយកធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ បងម៉េង ខ្មែរណូត