ស្រវឹងបើកឡានទៅបុកម៉ូតូ ៣គ្រឿងកំពុងធ្វើដំណើរច្រាស់ទិសគ្នា បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល៦នាក់
ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១៩និង១០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដែលបណ្ដាលឲ្យមនុស្ស ៦នាក់របួស នៅចំណុចស្ពានអលាំងត្រាច ផ្លូវលេខ៥៣ ក្រាលកៅស៊ូចន្លោះបង្គោលគីឡូម៉ែត្រលេខ ២៦-២៥ ស្ថិតក្នុងភូមិសាស្រ្តភូមិវាលស្បូវ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ហេតុការណ៍គ្រោះថ្នាក់នេះបង្កដោយរថយន្ត និងម៉ូតូ ៣គ្រឿងបើកបរក្នុងដំណើរច្រាស់ទិសគ្នា ម៉ូតូទាំង៣គ្រឿង បើកចេញពីទិសខាងកើត ទៅទិសខាងលិច រីឯរថយន្តម៉ាកកាម៉ារីគូថស្វិត ពណ៌ក្រហម ពាក់ផ្លាកលេខ ង.៦១៧១ ភព២ បើកចេញពីទិសខាងលិច ទៅទិសខាងកើត។ ពេលរថយន្តបើកទៅដល់ចំណុចខាងលើបានបុករះម៉ូតូ៣គ្រឿង បណ្តាលអោយរងរបួសអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរចំនួន៦នាក់ ប្រុស៥នាក់ធ្ងន់ ស្រី១នាក់ (ស្រាល)។
អ្នកបើកបររថយន្តឈ្មោះ សាយ ឧត្តមជីវ៉ា ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិដំពាក់ពពូល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលស្រុកចាប់បានអ្នកបើកបររថយន្តយកមកពិនិត្យជាតិអាកុលឃើញ ០.៥១ ហើយបានប្រគល់អ្នកបើកបររថយន្តអោយទៅជំនាញចរាចរណ៍យកទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំងដើម្បីសួរនាំ។
ដោយឡែកម៉ូតូនិងរថយន្តជំនាញស្រុកបានដកហូតយកមករក្សាទុកបណ្តោះអាសន្ននៅកន្លែងអធិការដ្ឋាននគរបាលស្រុកទឹកផ្សេង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។ ចំពោះអ្នករងគ្រោះយើងពុំទាន់ដឹងឈ្មោះនៅឡើយទេ ៕





