កន្លែងបាក់ស្រុតនៃសួនច្បារមាត់ទន្លេក្នុងខេត្តកំពង់ចាម នឹងចាប់ផ្ដើមស្ថាបនាឡើងវិញនៅសប្តាហ៍ក្រោយ
ខេត្តកំពង់ចាម៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា កន្លែងបាក់ស្រុតនៃសួនច្បារមាត់ទន្លេក្នុងខេត្តកំពង់ចាម នឹងចាប់ផ្ដើមស្ថាបនាឡើងវិញនៅសប្តាហ៍ក្រោយ ដើម្បីកែលម្អតំបន់នេះឱ្យកាន់តែមានសោភ័ណភាពស្រស់ស្អាត។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ បានដឹកនាំក្រុមការងារជំនាញចុះពិនិត្យ កន្លែងបាក់ស្រុតសួនច្បារមាត់ទន្លេ ស្ថិតក្នុងសង្កាត់វាលវង់ក្រុងកំពង់ចាម។

នៅក្នុងឱកាសនោះឯកឧត្តមបានណែនាំដល់មន្រ្តីជំនាញចុះស្ថាបនាកែលម្អទីតំាងបាក់ច្រាំងទន្លេនេះឡើងវិញឱ្យត្រូវតាមស្តង់ដារបច្ចេកទេស បន្ទាប់ពីមន្ត្រីជំនាញបានដឹងថា ការបាក់ស្រុតកន្លងមកនេះ អាចបណ្តាលមកពីប្រព័ន្ធលូបង្ហូរទឹកចេញពីក្រុងកំពង់ចាមចូលក្នុងទន្លេមានសភាពចាស់ទ្រុឌទ្រោម ព្រោះជាប្រព័ន្ធលូ សាងសង់តាំងពីសង្គមចាស់មកម៉្លេះ។
បន្ទាប់ពីការចុះពិនិត្យ និងទទួលព័ត៌មានពីការស្រាវជ្រាវរបស់មន្ត្រីជំនាញពាក់ព័ន្ធឯកឧត្តមអភិបាលខេត្តកំពង់ចាម បានសម្រេចរៀបចំស្ថាបនាឡើងវិញនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ខាងមុខនេះ នៅចំណុចសួនច្បារមាត់ច្រាំងទន្លេ ដែលបានបាក់ស្រុតនោះ។ សូមរំលឹកផងដែរថា សួនច្បារនៅមាត់ទន្លេក្នុងក្រុងកំពង់ចាម បានបាក់ស្រុតនៅវេលាម៉ោងប្រមាណជាង១២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ហើយការបាក់ស្រុតនេះមិនបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋនោះទេ ៕


ប្រភព៖ ក្រសួងព័ត៌មាន