បើជំនួបរវាង ដូណល់ ត្រាំ និងគីម ជុងអ៊ុន កើតឡើងមែន អាមេរិកនឹងជាអ្នកចេញថ្លៃចាយវាយទាំងអស់ឲ្យកូរ៉េខាងជើង ហើយគ្រាន់តែថ្លៃស្នាក់នៅសណ្ឋាគារមួយយប់រហូតដល់ទៅ….
តាមគម្រោងដែលគេបានគ្រោងទុកនោះលោកប្រធានធិបតីអាមេរិក ដូ ណល់ត្រាំ និងប្រមុខដឹកនាំរបស់កូរ៉េខាងជើង ប្រហែលជាមានកិច្ចប្រជុំមួយនៅថ្ងៃទី១២ ខែមិថុនា ខាងមុខនេះ នៅក្នុងប្រទេសសឹង្ហបុរី។ ព័ត៌មានជាច្រើនជុំវិញជំនួបជាប្រវត្តិសាស្ត្រនេះត្រូវគេចាប់អារម្មណ៍ និងធ្វើការចុះផ្សាយជាបន្តបន្ទាប់។ យ៉ាងណាក្តី មហាជនមួយចំនួននៅតែមានចម្ងល់ថា តើភាគីណាមួយជាអ្នកចេញលុយថ្លៃស្នាក់នៅរបស់ប្រមុខដឹកនាំកំពូលៗទាំងនេះ?
បើយោងតាមការសែតវ៉ាស៊ីនតោនប៉ុស្តិ៍បានឲ្យដឹងថា ពេលនេះអាមេរិកកំពុងតែរកមធ្យោបាយ ដើម្បីសម្របសម្រួលក្នុងការចំណាយលុយលើការធ្វើដំណើរ និងស្នាក់នៅសម្រាប់ប្រមុខដឹកនាំកូរ៉េខាងជើងហើយ។ ដូចនេះវាមានន័យថា ភាគីខាងមេរិកគឺជាអ្នកចេញថ្លៃចាយវាយសម្រាប់ការរៀបចំកិច្ចប្រជុំ ការស្នាក់នៅ និងធ្វើដំណើរទាំងអស់សម្រាប់កូរ៉ខាងជើង។ បើតាមការគ្រោងទុកលោក គីម ជុងអ៊ុន អាចនឹងស្នាក់នៅសណ្ឋាគារនៅតំបន់ឆ្នេរសមុទ្រ ដែលមានតម្លៃប្រមាណជា ៦,០០០ដុល្លារក្នុងមួយយប់។
សូមបញ្ជាក់ជូនថា ពេលទៅណាមកណាម្តងៗភាគីខាងកូរ៉េខាងជើងតែងត្រូវបានគេចេញលុយជំនួសជានិច្ច តួរយ៉ាងកាលពីព្រឹត្តិការណ៍អូឡាំពិតរដូវក្តៅកន្លងទៅនេះ មានតំណាងកូរ៉េខាងជើងចំនួន ៤២៤ នាក់ត្រូវទៅចូលរួមក្នុងប្រទេសកូរ៉េខាងត្បូង ហើយពេលនោះកូរ៉េខាងត្បូងបានចំណាយលុយប្រមាណជា ២,៦៤ លានដុល្លារ សម្រាប់ចំណាយលើការធ្វើដំណើរ និងស្នាក់នៅរបស់តំណាំងមកពីកូរ៉េខាងជើង៕
អត្ថបទ៖ ភក្តី
ប្រភព៖ businessinsider