ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប៉ូលិសពាក់ស័ក្ត៣ បើករថយន្ត CAMRY រេចង្កូតចូលគន្លងម្ខាងទៀត ត្រូវប៉ូលិសម្នាក់ទៀតបើករថយន្ត Prius បុករបួស ៣នាក់ នៅផ្លូវ៦០ម៉ែត្រ

    BY Khmernote Media September 15, 2020
    ប៉ូលិសពាក់ស័ក្ត៣ បើករថយន្ត CAMRY រេចង្កូតចូលគន្លងម្ខាងទៀត ត្រូវប៉ូលិសម្នាក់ទៀតបើករថយន្ត Prius បុករបួស ៣នាក់ នៅផ្លូវ៦០ម៉ែត្រ

    រាជធានីភ្នំពេញ ៖ ស្ដែងៗណាស់! បុរសម្នាក់ដែលគេស្គាល់ថាមន្ត្រីនគរបាល បើករថយន្ត CAMRY Hybrid ក្នុងល្បឿនយ៉ាងលឿន រេចង្កូតចូលគន្លងម្ខាងទៀត ត្រូវបានមន្ត្រីនគរបាលម្នាក់ទៀតបើករថយន្ត PRIUS ដឹកប្រពន្ធនិងកូនតូចម្នាក់ទៀត បើកទៅបុកគ្នាពេញទំហឹងនៅតាមផ្លូវ៦០ម៉ែត្រ បណ្តាលឲ្យរថយន្តទាំងពីរគ្រឿង បាក់កាឡេកង់មុខនិងខូចខាតចំហៀងខាងឆ្វេងទាំងពីរគ្រឿង និងផ្ទុះពោងសុវត្ថិភាពក្នុងរថយន្ត ព្រមទាំងរងរបួសភាគីខាងរថយន្ត PRIUS ទាំង៣នាក់ផងដែរ ។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏ស្ដែងៗនេះបានកើតឡើងកាលពីវេលាម៉ោង០៦:១០នាទីល្ងាច ថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២០នេះ នៅចំណុចមុខតារាងបាល់ទាត់ លើកំណាត់ផ្លូវ៦០មែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

    បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់អ្នកយកព័ត៌មានខ្មែរណូតថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿង ម៉ាកតូយ៉ូតាព្រូស (TOYOYA PRIUS) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AB-7370 បើកបរដោយនគរបាលពាក់ស័ក្ត៣ម្នាក់ ដឹកប្រពន្ធនិងកូនប្រុសម្នាក់ទៀតអាយុ៤-៥ខួប បានធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីត្បូងមកជើង ក្នុងល្បឿនល្មម ខណៈពេលជិតមកដល់ចំណុចកើតហេតុ ស្រាប់តែឃើញរថយន្តមួយគ្រឿង ម៉ាកកាម៉ារីហាយប្រីត (CAMRY Hybrid) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2Z-7757 ដែលបើកបរដោយនគរបាលពាក់ស័ក្ត៣ម្នាក់ បានធ្វើដំណើរតាមផ្លូវ៦០ម៉ែត្រ ក្នុងល្បឿនលឿន បញ្ច្រាសទិសដៅចរាចរណ៍គ្នាពីជើងមកត្បូង បានរេចង្កូតមកឆ្វេងដៃចូលគន្លងផ្លូវម្ខាងទៀត ធ្វើឲ្យរថយន្ត PRIUS ជាន់ហ្វ្រាំងគេចមិនទាន់ ទើបជាហេតុធ្វើឲ្យរថយន្តទាំងពីរគ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឲ្យរថយន្ត PRIUS ខូចខាតខ្ទេចមួយចំហៀងខាងឆ្វេងយ៉ាងដំណំ ផ្ទុះពោងសុវត្ថិភាព និងបាក់កាឡេកង់ចំហៀងខាងឆ្វេង បើកទៅមុខលែងរួច និងបណ្ដាលឲ្យមានអ្នករងរបួសស្រាលទាំង៣នាក់ផងដែរ ចំណែករថយន្ត CAMRY Hybrid ខ្ទាតទៅអែបចិញ្ចើមផ្លូវវិលក្បាលមកជើងវិញ ខូចខាតខ្ទេចមួយចំហៀងខាងឆ្វេងយ៉ាងដំណំ ផ្ទុះពោងសុវត្ថិភាព និងបាក់កាឡេកង់ចំហៀងខាងឆ្វេង បើកទៅមុខលែងរួចដូចគ្នា តែមិនបណ្ដាលឲ្យមនុស្សរបួសទេ គ្រាន់តែបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋាន ចុះអន្តរាគមន៍ផងដែរ ។

    ក្រោយមកសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ចាក់អង្រែលើ បានចុះមកដល់កន្លែងកើតហេតុ និងអោយភាគីទាំងសងខាង ធ្វើការចរចារគ្នាមួយជំហានសិន ហើយស្ត្រីជាប្រពន្ធនិងកូនប្រុសអាយុ៤-៥ខួប ដែលរងរបួស បានឡើងជិះកង់បីឥណ្ឌាចេញពីកន្លែងកើតហេតុ ដោយមិនដឹងថាទៅមន្ទីរពេទ្យសិន ឬទៅផ្ទះនោះទេ។

    ក្រោយពេលកើតហេតុ អស់រយៈពេលជិត២ម៉ោង ភាគីទាំងសងខាងដោះស្រាយគ្នាមិនត្រូវ ទើបរាយការណ៍បន្តទៅផ្នែកចរាចរណ៍ខណ្ឌមានជ័យ សហការជាមួយជំនាញ ចុះមកវាស់វែង និងស្ទូចយករថយន្តទាំងពីរគ្រឿង យកទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: