ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    នារីម្នាក់បើករថយន្ត Lexus RX300 ល្បឿនលឿនមិនគោរពស្លាកសញ្ញា ទៅបុករថយន្ត TUNDRA បណ្តាលឲ្យខ្ទាតបោកផ្ទប់បង្គោលភ្លើង និងប្រអប់ភ្លើង ធ្វើឲ្យដាច់ចរន្តអគ្គិសនីកន្លះភូមិ

    BY Khmernote Media September 19, 2020
    នារីម្នាក់បើករថយន្ត Lexus RX300 ល្បឿនលឿនមិនគោរពស្លាកសញ្ញា ទៅបុករថយន្ត TUNDRA បណ្តាលឲ្យខ្ទាតបោកផ្ទប់បង្គោលភ្លើង និងប្រអប់ភ្លើង ធ្វើឲ្យដាច់ចរន្តអគ្គិសនីកន្លះភូមិ

    រាជធានីភ្នំពេញ ៖ នារីម្នាក់បើករថយន្ត LEXUS RX300 ក្នុងល្បឿនលឿន មិនគោរពស្លាកសញ្ញា(ឈប់) ទៅបុករថយន្ត TUNDRA ដែលបើកបរដោយបុរសបរទេសម្នាក់ ឆ្លងកាត់ផ្លូវបំបែកជាបួន បណ្ដាលឲ្យរថយន្ត TUNDRA ខ្ទាតបោកផ្ទប់នឹងបង្គោលភ្លើងនិងប្រអប់ភ្លើង បណ្ដាលឲ្យខូចខាតបាក់បែកខ្ទាតប៉ើងជិត៥ម៉ែត្រ បណ្ដាលឲ្យដាច់ចរន្តអគ្គិសនីកន្លះភូមិ និងមិនបណ្ដាលឲ្យមានមនុស្សរងរបួសឡេីយ ។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជិតពាក់កណ្ដាលអាធ្រាត្រ ឈានចូលថ្ងៃសៅរិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២០នេះ នៅផ្លូវបំបែកជាបួន លើផ្លូវ១៣៥ កែងផ្លូវ៤៥៦ ស្ថិតក្នុងសង្កាតទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

    ប្រភពពីកន្លែងកើតហេតុបានប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងបានដឹងថា ដំបូងឡើយនៅមុនពេលកើតហេតុ គាត់បានឃើញរថយន្តមួយគ្រឿង ម៉ាកធុនត្រា(TOYOYA TUNDRA) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2T-4953 បើកបរដោយបុរសបរទេសម្នាក់ បានធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៣៥ ទិសដៅពីជើងមកត្បូង លុះមកដល់ចំណុចកើតហេតុ កែងផ្លូវលេខ៤៥៦ ខណៈពេលដែលរថយន្តកំពុងបើកឆ្លងកាត់ផ្លូវបំបែកជាបួននោះ ស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាកឡិចស៉ីស (LEXUS RX300) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AR-8782 បើកបរដោយនារីមិនស្គាល់អត្តសញ្ញាណម្នាក់ បានធ្វើដំណើរតាមបណ្តោយផ្លូវលេខ៤៥៦ ទិសដៅពីលិចមកកើត ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន និងបំពានស្លាកសញ្ញាចរាចរណ៍ ក៏ជ្រុលទៅបុករថយន្ត TUNDRA ចំពីចំហៀងកង់ខាងស្ដាំផ្នែកខាងក្រោយ បណ្ដាលឲ្យរថយន្តប៉ើងខ្ទាតទៅបុកផ្ទប់ប្រអប់បញ្ជាចរន្តអគ្គិសនី និងកាប៉ីនភ្លើង បណ្ដាលឲ្យបាក់បែកខ្ទាតជិត៥ម៉ែត្រ រាយប៉ាយពេញថ្នល់ចំណែករថយន្ត LEXUS RX300 ផ្ទុះពោងសុវត្ថិភាពទាំងពីរ និងខ្ទេចមួយកំណាត់មុខធ្លាក់ការខូចខាតយ៉ាងដំណំ ហើយរថយន្ត TUNDRA ក៏រងការខូចខាតយ៉ាងដំណំដូចគ្នា តែមិនបណ្ដាលឲ្យមនុស្សរបួសទេ គ្រាន់តែភាគីទាំងសងខាងចុះមកដោះស្រាយគ្នាមិនចេញ ព្រោះម្ខាងជាជនបរទេសមើលទៅស្រវឹងធ្លាក់ភ្នែកបន្តិចហើយ ។ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅជិតខាងរាយការណ៍ប្រាប់សមត្ថកិចច្ចមូលដ្ឋានប៉ុស្តិ៍ទួលទំពូងទី១ ចុះមកកន្លែងកើតហេតុផងដែរ តែមុនសមត្ថកិច្ចមកដល់ នារីម្នាក់ដែលបើករថយន្ត LEXUS RX300 បានចេញពីកន្លែងកើតហេតុបាត់ទៅ ដោយមានតំណាងនៅរងចាំដោះស្រាយផងដែរ។

    ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយផ្នែកវាស់វែងចរាចរណ៍ បានចុះមកពិនិត្យមើលការខូចខាត និងសាកសួរអត្តសញ្ញាណភាគីអ្នកបើកបររថយន្តទាំងសងខាង រួចប្រគល់ជូនសមត្ថកិច្ចជំនាញចុះមកវាស់វែង និងងស្ទូចយកទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមច្បាប់។

    ចំណែកឯការដាច់ចរន្តអគ្គិសនីនិងប្រអប់បញ្ជាចរន្តភ្លេីងដែលខូចខាតនោះ ត្រូវបានក្រុមការងារបច្ចេកទេសរបស់អគ្គិសនីកម្ពុជា EDC កំពុងចុះធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តអគ្គិសនីឲ្យអតិថិជន ឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅពេលទទួលបានព័ត៌មានបន្ថែម អំពីការដាច់ចរន្តអគ្គិសនីនេះ យេីងនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: