ទើបល្បីចោរបន្លំលួចឡាននៅផ្ទះសំណាក់ មិនទាន់បាត់ផង ឥលូវមានលោកបងចោរម្នាក់ទៀត ឃើញឡានគេចតទុកចោលមិនដកសោរចេញ ចូលលួចបើករត់ទៅបុកប៉ារ៉ាស់ក្រឡាប់ផ្ងារជើង
ខេត្តពោធិ៍សាត់៖ ចោរស្ទើរភ្លើងម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចបើកយករថយន្តរបស់អង្គការអភិរ័ក្សសត្វព្រៃកម្ពុជា ព្យាយាមរត់គេចទៅបុកប៉ារ៉ាស់ ក្រឡាប់ផ្ងារជើងឡើងលើ កាលពីវេលាម៉ោង៣និង១៥នាទីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតក្នុងភូមិររៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ ជនសង្ស័យឈ្មោះ សេង សៀប ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិក្រោលគោ ឃុំសំបូរមាស ស្រុកមុខកំពូល ខេត្តកណ្តាល បានចូលលួចរថយន្ត១គ្រឿង ម៉ាកម៉ាស្តា ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ONG 12-0014 ខណៈដែលរថយន្តនេះទើបត្រឡប់មកពីបើកចុះល្បាត ហើយបានចតទុកចោល ក្នុងស្នាក់ការដោយមិនបានដកសោចេញ ។

ក្រោយពីចូលលួចរថយន្តបានសម្រេច លុះបើកមកដល់ផ្លូវកោង ចំណុចត្រដក់ពង ស្ថិតក្នុងភូមិព្រែក៣ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក៏កាច់ចង្កូតមិនទាន់ ទៅបុកបង្គោលរបាំងផ្លូវ បណ្តាលឱ្យក្រឡាប់ធ្លាក់ចុះពីលើផ្លូវ ផ្ងារជើងទៅមុខលែងរួច ទាំងរថយន្ត និងជនសង្ស័យតែម្តង ។ រថយន្តបានស្ទូចយកទៅរក្សាទុក នៅស្នាក់ការសម្ព័ន្ធមិត្តសត្វព្រៃ (រវៀង) ចំណែកជនសង្ស័យត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគបាលស្រុកភ្នំក្រវាញ ដើម្បីចាត់ការតាមនីតិវិធី ៕
